អង្គការយូណេស្កូសាទរផែនការរបស់សហរដ្ឋអាមេរិក ក្នុងការចូលរួមក្នុងស្ថាប័ននេះសារជាថ្មី

ប៉ារីស៖ សហរដ្ឋអាមេរិកគ្រោងនឹងចូលជាសមាជិកអង្គការយូណេស្កូវិញ ចាប់ពីខែកក្កដា ឆ្នាំ ២០២៣នេះ ដោយបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ ដែលធ្វើឱ្យអាមេរិកបញ្ចប់សមាជិកភាពរបស់ខ្លួននៅឆ្នាំ ២០១៨។

សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន បានដាក់ពាក្យជាផ្លូវការ ដើម្បីចូលរួមជាមួយទីភ្នាក់ងារវប្បធម៌ និងវិទ្យាសាស្ត្ររបស់អង្គការសហប្រជាជាតិហៅកាត់ថា យូណេស្កូ (UNESCO) ដែលខ្លួនបានចាកចេញក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ។ ភ្លាមៗក្រោយទទួលបានដំណឹងនេះ អគ្គនាយកទីភ្នាក់ងារអង្គការសហប្រជាជាតិ លោកស្រី អូដ្រេ អាហ្ស៊ូឡេ បានប្រកាសសាទរ ហើយហៅការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកថា ជា “ពេលវេលាប្រវត្តិសាស្ត្រ”។

លោកស្រី អាហ្ស៊ូឡេ បានប្រាប់អ្នកតំណាងមកពីរដ្ឋជាសមាជិកអង្គការយូណេស្កូនៅទីក្រុងប៉ារីសថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក គឺជាសកម្មភាពកសាងទំនុកចិត្តដ៏រឹងមាំនៅក្នុងអង្គការយូណេស្កូ និងនៅក្នុងពហុភាគីនិយម។ ការវិលត្រឡប់របស់សហរដ្ឋអាមេរិក ដែលជាអ្នកផ្តល់មូលនិធិដ៏ធំបំផុតរបស់អង្គការអន្តរជាតិនេះ ត្រូវបានគេរំពឹងថា នឹងប្រឈមមុខនឹងការបោះឆ្នោត ដោយរដ្ឋសមាជិកចំនួន ១៩៣របស់ខ្លួននៅខែក្រោយ។

សូមរម្លឹកថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានឈប់ផ្តល់មូលនិធិដល់អង្គការយូណេស្កូ បន្ទាប់ពីអង្គការមួយនេះបានបោះឆ្នោតបញ្ចូលប៉ាឡេស្ទីនជារដ្ឋសមាជិកក្នុងឆ្នាំ ២០១១ ហើយប្រទេសទាំងពីរបានបាត់បង់សិទ្ធិបោះឆ្នោតរបស់ពួកគេក្នុងឆ្នាំ ២០១៣។ រដ្ឋបាលលោក ត្រាំ បានសម្រេចចិត្តនៅឆ្នាំ ២០១៧ ដើម្បីដកខ្លួនចេញពីអង្គការនេះទាំងស្រុងនៅឆ្នាំបន្ទាប់ ដោយលើកឡើងពីការប្រឆាំងនឹងអ៊ីស្រាអែល ភាពលំអៀង និងបញ្ហាគ្រប់គ្រង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner