សម្តេចតេជោ ហ៊ុន សែន៖ វត្តមានរោងចក្រវិស័យកាត់ដេរនៅកម្ពុជា បានកើនដល់ ១.៣២៦ ខណៈការនាំចេញមានប្រមាណ ១៣ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២២
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា វត្តមានរោងចក្រនៅកម្ពុជា ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ត នៅឆ្នាំ២០២៣ រោងចក្រវិស័យកាត់ដេរ បានកើនដល់ចំនួន ១.៣២៦ ដែលមានកម្មករនិយោជិត ចំនួនប្រមាណ ៨៤ម៉ឺននាក់ (ស្រី ៦៦ ម៉ឺននាក់) ខណៈការនាំចេញមានរហូតដល់ប្រមាណ ១៣ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២២ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូច្នេះក្នុងពិធីជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ដែលកំពុងដំណើរការអាជីវកម្មក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។
សម្តេចតេជោ បានមានប្រសាសន៍ថា បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសចំនួន៩.៣១៤ មានកម្មករនិយោជិតប្រមាណជាង៦៦ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន៧២៧ មានកម្មករនិយោជិតសរុបជាង ៣៣ម៉ឺន៨ពាន់នាក់ និងជាតំបន់ដែលមានការអភិវឌ្ឍ រោងចក្រ សហគ្រាស ច្រើនជាងគេ។ ប៉ុន្ដែរាជរដ្ឋាភិបាល ក៏បានដាក់ចេញយុទ្ធសាស្រ្ដ ក្នុងការពង្រាយរោងចក្របន្ថែមទៀតទៅតាមបណ្ដាខេត្តផងដែរ ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញដល់អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បន្តពង្រីកវិសាលភាព ក្នុងការផ្ដល់ខ្សែរថយន្តក្រុងដល់កម្មករ-កម្មការិនី បន្ថែមទៀតនៅទីតាំងដែលមិនទាន់បានទៅដល់។
សម្តេចតេជោ ក៏បានយកឱកាសនេះ បន្តអំពាវនាវដល់កម្មករនិយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ ដោយធ្វើយ៉ាងណា រោងចក្រនីមួយៗ កុំឱ្យមានការប្រើប្រាស់គ្រឿងញៀន និងមានបងតូច បងធំនៅក្នុងរោងចក្រ ប៉ុន្តែសម្ដេចពិតជាមានសេចក្ដីរីករាយណាស់ដោយបានឃើញរោងចក្រនៅទូទាំងប្រទេស មិនមែនជាកន្លែងប្រើប្រាស់គ្រឿងញៀន និងមានបងតូចបងធំ។
សម្តេច ថា ប្រសិនបើមានបញ្ហាអ្វីកើតឡើង ម្ចាស់រោងចក្រ និងកម្មករនិយោជិត ត្រូវសហការជាមួយអាជ្ញាធរ ធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា មិនត្រូវទុកបញ្ហានោះចោលទេ។
ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់កម្មករ និយោជិតទាំងអស់ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខ ខណៈកម្មករនិយោជិតនឹងបានឈប់សម្រាក ដោយមានប្រាក់ឈ្មួលរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែកក្កដារហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។
សម្តេចតេជោនាយករដ្ឋមន្រ្តី នៅតែបន្តអំពាវនាវដល់កម្មករ-និយោជិត រួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជា ពីព្រោះមានសន្ដិភាព គឺមានការអភិវឌ្ឍ។ បើគ្មានសន្ដិភាព រោងចក្រ ក៏គ្មានការងារធ្វើសម្រាប់បងប្អូនកម្មករនិយោជិតក៏គ្មានដូចគ្នាដែរ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ