សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ”ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពី៖សិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ខេត្តបាត់ដំបង ៖ សិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពី៖ ការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធពលរដ្ឋ និងនយោបាយ(ICCPR) ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងឯកឧត្តម សុខលូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ។
សិក្ខាសាលានេះផ្តោតសំខាន់ លើគោលការណ៍សំខាន់ៗ៤ចំណុច ៖ ១.គោលការណ៍ស្វ័យសម្រេច ២.គោលការណ៍មិនរើសអើង ៣.គោលការណ៍សមភាពរវាងបុរស និងស្ត្រី ៤.គោលការណ៍ដាច់ខាតនៃសិទ្ធិមួយចំនួន ។
សិក្ខាសាលាបានធ្វើបទបង្ហាញបកស្រាយនូវបណ្តុំនៃសិទ្ធិសំខាន់ៗ ក្នុងកតិកាសញ្ញាចំនួន ១១ចំណុច ជូនសិក្ខាកាមចូលរួមនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះផងដែរ ដូចជា៖សិទ្ធិមានជីវិត,សិទ្ធិផុតពីទារុណ និងរួចផុតពីទាសភាព, សិទ្ធិមានសេរីភាព និងសន្តិសុខបុគ្គល, សិទ្ធិមានសេរីភាពដើរហើរ, សិទ្ធិមានភាពស្មើគ្នាចំពោះមុខច្បាប់ និងតុលាការ, សិទ្ធិឲ្យគេទទួលស្គាល់បុគ្គលិកលក្ខណៈគតិយុត្តិរបស់ខ្លួន,សិទ្ធិមានសេរីភាពខាងមនសិការនិងសាសនា,សិទ្ធិជួបប្រជុំដោយសន្តិវិធី,សិទ្ធិរៀបអាពាហ៍ពិពាហ៍និងបង្កើតគ្រួសារ, សិទ្ធិប្រជាធិបតេយ្យ ,សិទ្ធិបោះឆ្នោត ,សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ។ល។
តាមរយៈសិក្ខាសាលានេះ ក៏មានវាគ្មិនជាគ្រូឧទ្ទេសបានធ្វើបទបង្ហាញពីកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ។ បទបង្ហាញខ្លឹមសាររបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ(ICERD)លើកទី៣របស់កម្ពុជា។ បទបង្ហាញនៃដំណើរការការពារនិងសេចក្តីអង្កេតសន្និដ្ឋាននៃរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយ។ក្នុងនោះក៏មានវេទិកាពិភាក្សានិងសំណួរចម្លើយផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )



