មេដឹកនាំរុស្ស៊ី និងគុយបាសន្យាពង្រឹងទំនាក់ទំនងទ្វេភាគី
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងភ្ញៀវនាយករដ្ឋមន្រ្តីគុយបា លោក ម៉ានូអែល ម៉ាអឺរ៉ូ បានប្តេជ្ញាថា នឹងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគី។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយភ្ញៀវនាយករដ្ឋមន្រ្តីគុយបា លោក ម៉ានូអែល ម៉ាអឺរ៉ូ នៅវិមានក្រឹមឡាំងថា ទំនាក់ទំនងរវាងរុស្ស៊ី និងគុយបាកំពុងត្រូវបានពង្រីក ទោះបីជាមានការលំបាកក៏ដោយ ហើយកិច្ចសហប្រតិបត្តិការទ្វេភាគីគួរតែអភិវឌ្ឍក្នុងវិស័យជាច្រើន រួមមានទាំងថាមពល និងទេសចរណ៍ផងដែរ។
លោក ពូទីន បន្ថែមថា គុយបាបានរស់នៅក្រោមការដាក់ទណ្ឌកម្មខុសច្បាប់អស់ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែប្រជាជនគុយបាអាចស៊ូទ្រាំនឹងបញ្ហានេះបាន។ លោក ពូទីន បានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងខិតំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធានាថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ពួកយើង នឹងជួយជម្នះការលំបាកដែលបានដាក់មកលើប្រទេសគុយបា។
ជាមួយគ្នានេះ លោក ម៉ាអឺរ៉ូ បានកត់សម្គាល់ថា ការងារកំពុងដំណើរការរួចហើយ ដើម្បីអនុវត្តគម្រោងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក ម៉ាអឺរ៉ូ បាននិយាយយ៉ាងដូច្នេះថា យើងរីករាយជាខ្លាំងចំពោះល្បឿនដែលទំនាក់ទំនងរបស់យើងកំពុងផ្លាស់ប្តូរ ក្នុងនោះទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចកំពុងត្រូវបានលើកកម្ពស់ដល់កម្រិតដូចគ្នាទៅនឹងទំនាក់ទំនងនយោបាយ។ បន្ទាប់ពីទស្សនកិច្ចនៅទីក្រុងមូស្គូ នាយករដ្ឋមន្ត្រីគុយបារូបនេះ ក៏នឹងធ្វើដំណើរទៅកាន់ទីក្រុងធំទីពីររបស់ប្រទេសរុស្ស៊ី គឺ St. Petersburg ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា