ចំបាប់កម្ពុជាឈ្នះមេដាយសំរឹទ្ធពីជើងឯកអាស៊ីអាយុក្រោម ២៣ឆ្នាំនៅប្រទេស កៀរហ្ស៊ីស៊ីស្ថាន
ភ្នំពេញ ៖ ចំបាប់កម្ពុជាបានឈ្នះមេដាយសំរឹទ្ធ១គ្រឿង ដោយកីឡាករ ស៊ូ បាលី ពីការប្រកួតកីចំបាប់ជើងឯកអាស៊ីអាយុក្រោម ២៣ឆ្នាំ នៅប្រទេសកៀរហ្ស៊ីស៊ីស្ថាន កាលពីយប់ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោយពីបានយកឈ្នះកីឡាករម៉ុងហ្គោលី ដោយលទ្ធផល ៦ទល់នឹង១។

ក្នុងការប្រកួតលើវិញ្ញាសាចំបាប់សេរី ទម្ងន់ ១២៥គីឡូក្រាមនេះ បើទោះបីជា កីឡាករកម្ពុជា ស៊ូ បាលី ដណ្តើមបានត្រឹមមេដាយសំរឹទ្ធក៏ពិតមែន ប៉ុន្តែនេះជាមោទនភាពជាតិដ៏ធំធេងមួយសម្រាប់ជាតិមាតុភូមិ ដែលសហព័ន្ធកីឡាចំបាប់កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការចូលរួមប្រកួតលើឆាកអន្តរជាតិនានាជាបន្តបន្ទាប់ ដើម្បីការអភិវឌ្ឍប្រភេទកីឡាអូឡាំពិករបស់កម្ពុជាមួយនេះឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

ជាក់ស្តែងនៅក្នុងការប្រកួតជើងឯកអាស៊ីក្រោមអាយុ២៣ឆ្នាំ នៅប្រទេសកៀរហ្ស៊ីស៊ីស្ថាន ឆ្នាំ២០២៣នេះ ជម្រើសជាតិ ស៊ូ បាលី ដណ្តើមបានសមិទ្ធផលជាទីគាប់ចិត្តសម្រាប់កម្ពុជា ព្រោះព្រឹត្តិការណ៍អន្តរជាតិមួយនេះសម្បូរដោយជើងខ្លាំងប្រចាំតំបន់អាស៊ីតែម្ដង។ មុនពេលឡើងមកកាន់វគ្គដណ្ដើមមេដាយសំរឹទ្ធនេះ ស៊ូ បាលី បានទម្លាក់កីឡាករម្ចាស់ផ្ទះកៀរហ្ស៊ីស៊ីស្ថាន ក្នុងពិន្ទុ ១០-០ ក្នុងវគ្គ៨នាក់ ហើយបានឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ប៉ុន្តែ ស៊ូ បាលី បានប្រកួតចាញ់កីឡាករតួកមេនីស្ថាន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ នៅវគ្គដណ្តើមមេដាយសំរឹទ្ធ ស៊ូ បាលី បានយកឈ្នះកីឡាករ ម៉ុងហ្គោលី Munkhbayar Tsogtbayar ដោយលទ្ធផល៦ទល់នឹង១ ហើយដណ្តើមបានមេដាយសំរឹទ្ធតែម្តង។

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាមានប្រសាសន៍ថា ការចូលរួមប្រកួតកីឡាចំបាប់ជើងឯកអាស៊ីនេះ គឺជាជំហានថ្មីមួយទៀតរបស់ក្រុមជម្រើសជាតិកីឡាចំបាប់កម្ពុជា ក្នុងការត្រៀមខ្លួនចូលរួមប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ ដែលគ្រោងនឹងធ្វើឡើងពីនៅទីក្រុង Hangshou សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា សហព័ន្ធកីឡាចំបាប់កម្ពុជាបានចាត់បញ្ជូនក្រុមជម្រើសជាតិរបស់ខ្លួន ៤នាក់ ក្នុងនោះកីឡាករ ២នាក់ និងកីឡាការិនីកម្ពុជា ២នាក់ ដែលសុទ្ធតែម្ចាស់មេដាយមាស មេដាយសំរឹទ្ធស៊ីហ្គេម២០២៣ បានចូលរួមព្រឹត្តិការណ៍កីឡាចំបាប់ជើងឯកអាស៊ី U23 នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ។

ក្នុងនោះមាន ៣នាក់ជាម្ចាស់មេដាយមាសស៊ីហ្គេមដូចជា ម៉ូ សារី, ស៊ូ បាលី និងកីឡាការិនី ជា កញ្ញា និងមេដាយសំរឹទ្ធស៊ីហ្គេម គឺកីឡាការិនី ជឿន ស្រីឡែន។ ដូច្នេះកម្ពុជាទទួលបានមេដាយសំរឹទ្ធមួយគ្រឿង ដែលឈ្នះដោយកីឡាករ ស៊ូ បាលី ខណៈមិត្តរួមជាតិ៣រូបទៀតមិនទទួលបានលទ្ធផលវិជ្ជមានឡើយ៕


ចាន់ វិចិត្រ