ឯកឧត្តម ប៉ាន សូរស័ក្តិ៖ អតីតយុទ្ធជន និងនិវត្តន៍ជនបានតស៊ូលះបង់ ធ្វើពលីកម្មគ្រប់បែបយ៉ាងនាំមកនូវសន្តិភាព ស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ

កំពង់ចាម៖ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានថ្លែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងដឹងគុណចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនទាំង​អស់ក្នុងស្រុកព្រៃឈរដែលបានតស៊ូលះបង់ ធ្វើពលីកម្មយ៉ាងច្រើនដើម្បីនាំមកនូវសន្តិភាព ស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម ។ពិសេសដើម្បីរំដោះប្រជាជន និងប្រទេសជាតិ ឱ្យចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតដល់ប្រទេសជាតិ​មានសុខសន្តិភាពដូចសព្វថ្ងៃ ជាពិសេសទប់ស្កាត់មិនឱ្យរបបនេះវិលមកគ្របដណ្តប់លើមាតុភូមិកម្ពុជាជាថ្មីទៀតនាអំឡុងទសវត្ស​ឆ្នាំ១៩៧៩​ ដល់ឆ្នាំ១៩៩៨។

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា សន្តិភាពដែលបងប្អូនទាំងអស់គ្នាបានចូលរួមកសាងនេះហើយ ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ និងទទួលបានជោយជ័យជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ។ ហេតុនេះយើងទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តចូលរួមក្នុងការ​ការពារ​សន្តិភាពឱ្យ​រឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបាន​គ្រប់ៗគ្នាហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត។

ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ និងបានធ្វើការគាំទ្រយ៉ាងពេញទំហឹង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី​សម្រាប់ពេល​អនាគត។

ការលើកឡើងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនស្រុកព្រៃឈរ និងស្រុកបាធាយបានធ្វើឡើងកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៣ និងបំពាក់គ្រឿងឥស្សរិយយស ការពារជាតិ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំនួន ៤៣៩នាក់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានប្រកាសគាំទ្រ និងប្តេជ្ញាខិតខំយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់តាមសារអំពាវនាវរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៣ ដើម្បីជាការលើកទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន និងយុទ្ធជន យុទ្ធនារី និងសូមថ្លែងអំណរគុណ ចំពោះប៉ុស្តិ៍រដ្ឋបាលទាំងអស់ ដែលបានរួម​ចំណែកជួយចាត់ចែងការងារ មើលការខុសត្រូវ និងយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជនកន្លងមក៕ ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner