បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្ដកើតមាន ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៧ ខែមិថុនា (Video Inside)

បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ដកើតមានបន្ថែមទៀត ខណៈសីតុណ្ហភាពកម្ដៅ បានថយចុះតិចតួច ក្នុងសប្ដាហ៍ទៅមុខនេះ។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម ចំពោះមូលហេតុដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុបែបនេះ គឺដោយសារកម្ពុជាបានទទួលរងនូវឥទ្ធិពលពីជ្រលង នៃតំបន់សម្ពាធទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។

តាមការព្យាករណ៍ រវាងពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៧ ខែមិថុនា នៅតំបន់ទំនាបកណ្តាល គឺសីតុណ្ហភាពកម្ដៅអប្បបរមា មានរវាងពី ២៤ទៅ២៦ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣៤ទៅ៣៦ អង្សាសេ…បើប្រៀបធៀបនឹងសប្ដាហ៍មុន សីតុណ្ហភាពកម្ដៅទាំងពីរនេះ បានថយចុះ១អង្សាសេ។ យោងតាមការព្យាករណ៍, ក្នុងតំបន់ទំនាបកណ្ដាលដែលរួមមាន៖ រាជធានីភ្នំពេញ, ខេត្ដកណ្តាល, ខេត្ដស្វាយរៀង, ខេត្ដព្រៃវែង និងខេត្ដតាកែវ អាចមានភ្លៀងធ្លាក់ក្នុងកម្រិត ពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ចំណែកនៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពកម្ដៅអប្បបរមា រវាងពី ២៤ទៅ២៦ អង្សាសេ, សីតុណ្ហភាពកម្ដៅ អតិបរមា មានរវាងពី ៣៣ទៅ៣៥ អង្សាសេ, ដែលសីតុណ្ហភាពកម្ដៅទាំងពីរនេះ គឺឋិតនៅថេរ បើប្រៀបធៀប នឹងសប្ដាហ៍មុន។ យោងតាមការព្យាករណ៍ដដែល តំបន់ខ្ពង់រាបដែលរួមមាន៖ ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់, ខេត្តកំពង់ឆ្នាំង, ខេត្តបន្ទាយមានជ័យ, ខេត្ដឧត្ដរមានជ័យ, ខេត្ដប៉ៃលិន, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ចាម, ខេត្ដត្បូងឃ្មុំ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ និងខេត្តព្រះវិហារ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់។

ដោយឡែកនៅតំបន់មាត់សមុទ្រនោះវិញ សីតុណ្ហភាពកម្ដៅអប្បបរមា មានរវាងពី ២៥ទៅ ២៧ អង្សាសេ, សីតុណ្ហភាពកម្ដៅអតិបរមា មានរវាងពី ៣១ទៅ៣៣ អង្សាសេ, ដែលសីតុណ្ហភាពកម្ដៅនេះ គឺឋិតនៅថេរ បើប្រៀបធៀប នឹងសប្ដាហ៍មុន។ យោងតាមការព្យាករណ៍ក្នុងតំបន់មាត់សមុទ្ទ ដែលរួមមាន ខេត្តព្រះសីហនុ, ខេត្តកំពត, ខេត្តកែប និងខេត្តកោះកុង អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពី ខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្ដដាសតឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុនេះ។

ads banner