បណ្ឌិត ហ៊ុន ម៉ាណែត ដាស់តឿនយុវជនបក្សក្នុងខេត្តពោធិ៍សាត់ត្រូវរួមគ្នាថែរក្សាសន្តិភាព (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានដាស់តឿនក្រុមយុវជនបក្ស ត្រូវបន្តរួមគ្នាថែរក្សាសន្តិភាព ដោយមិនត្រូវធ្វេសប្រហែសឡើយ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នាថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣, បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា « សន្តិភាពដែលយើងទាំងអស់គ្នាកំពុងទទួលបានដូចបច្ចុប្បន្ននេះ គឺបានកើតឡើងដោយលំបាកបំផុត ប៉ុន្តែអាចនឹងបាត់បង់ទៅវិញយ៉ាងផុយស្រួយគ្រប់ពេលវេលា»។

បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឧទាហរណ៍នូវព្រឹត្តិការណ៍ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ដែលពេលនោះ បាននាំកម្ពុជាដែលមានសន្តិភាពធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល និងសង្គ្រាមបាននាំប្រទេសធ្លាក់ចូលក្នុងរបបកាប់សម្លាប់ខ្មែរក្រហម និងសង្គ្រាមបានអូសបន្លាយរហូតដល់២៨ឆ្នាំ ទើបអាចពន្លត់បាន តាមរយៈនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។

បណ្ឌិត ហ៊ុន ម៉ាណែត បានដាស់តឿនយុវជនបក្សត្រូវមានភក្តីភាពចំពោះ ជាតិ សាសនា និងព្រះមហាក្សត្រ និងលោកបានចាត់ទុកថាភក្តីភាពទាំងនេះ គឺជាឆន្ទៈដ៏ស្មោះត្រង់របស់សមាជិក និងសមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប។

បណ្ឌិត ហ៊ុន ម៉ាណែត បានដាស់តឿនយុវជនបន្តវេន ត្រូវគោរព និងផ្តល់តម្លៃចំពោះគំរូវីរភាព និងពលិកម្មរបស់អ្នកជំនាន់មុន ហើយថែរក្សាឱ្យបានដាច់ខាតនូវស្មារតី នៃការស្រឡាញ់សន្តិភាព និងការបង្រួបបង្រួមជាតិ។

ads banner