សម្តេចតេជោ ហ៊ុន សែន ទទួលស្គាល់ថាសម្តេចជាមនុស្សឆេវឆាវ ប៉ុន្តែចិត្តធ្ងន់ក្នុងការសម្រេចបញ្ហានយោបាយជាតិ (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទទួលស្គាល់ថា សម្តេចជាមនុស្សមានចិត្តឆេវឆាវ ប៉ុន្តែសម្តេចគឺជាមនុស្សចិត្តធ្ងន់នៅក្នុងការសម្រេចលើផ្នែកនយោបាយ ដែលជាប់ទាក់ទងនឹងវាសនារបស់ប្រទេសជាតិ។
សម្តេចតេជោ ហ៊ុន សែន បានខូចភ្នែកខាងឆ្វេងដោយសារត្រូវនឹងគ្រាប់កាំភ្លើងរបស់សត្រូវ។ ភ្នែកខាងឆ្វេង របស់សម្តេចបានរងរបួសនៅថ្ងៃទី១៦ មេសា ឆ្នាំ១៩៧៥ នៅក្នុងពេលប្រយុទ្ធជាមួយសត្រូវនៅក្បែរគល់ស្ពានគីហ្សូណា។ ហើយរហូតដល់ខែកញ្ញា, ភ្នែករបស់សម្តេចបានទទួលការវះកាត់នៅកន្លែងព្យាបាលមួយ ដែលពេលនោះស្ថិតក្នុងទីតាំងសាលារៀន នៃស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ។ បើទោះបីជាសម្តេចរងនឹងភាពពិកាភ្នែក និងពេលខ្លះមានភាពឆេវឆាវក៏ដោយ ប៉ុន្តែសម្តេចបានថ្លែងថាសម្តេច គឺជាមនុស្សចិត្តធ្ងន់ក្នុងការសម្រេចបញ្ហាធំៗ ដែលទាក់ទងនឹងវាសនាប្រទេសជាតិ។
ក្រោយពេលជាសះស្បើយ បន្ទាប់ពីការព្យាបាលអស់រយៈពេលជាយូរខែ, សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី។ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី មានបុត្រាបុត្រីទាំងអស់ចំនួន៦នាក់ ក្នុងនោះប្រុស ៤នាក់ និងស្រីចំនួន២នាក់។