សកម្មជនគណបក្សភ្លើងទៀនបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន (Video Inside)

សកម្មជនគន្លឹះនៃគណបក្សភ្លើងទៀន បានបន្តការស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតសកលខែកក្កដាកាន់តែរំកិលមកកៀកជាលំដាប់។

សេចក្តីរាយការណ៍នៅថ្ងៃទី២០មិថុនានេះ បានបង្ហាញពីសកម្មជនគណបក្សភ្លើងទៀន នៃខេត្តប៉ៃលិន, ខេត្តកំពត និងនៅក្នុងរាជធានីភ្នំពេញ។ នេះជាវីដេអូរបស់សកម្មជនគណបក្សភ្លើងទៀនឈ្មោះ សុស គឹមសេង ដែលជាបេក្ខជនឈរឈ្មោះតំណាងរាស្ត្របម្រុងក្នុងខេត្តនោះថែមទៀត។

គណបក្សភ្លើងទៀន ត្រូវបានគជបបដិសេធការចុះបញ្ជីចូលរួមក្នុងការប្រកួតប្រជែងបោះឆ្នោតសកល ដោយសារមិនបានបំពេញតាមលក្ខន្តិកៈ នៃនីតិវិធីដែលគជបបានតម្រូវ។ ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នច្បាប់កំពូលរបស់ជាតិ បានសម្រេចបដិសេធបន្ថែមទៀត ក្រោយការរកឃើញថាគណបក្សភ្លើងទៀននោះបានប្រព្រឹត្តខុសនឹងគតិច្បាប់។

នៅក្នុងខេត្តកំពត, សកម្មជនរបស់គណបក្សភ្លើងទៀនត្រូវគេឃើញថា បាននាំគ្នាផ្តួលរំលំ ស្លាកគណបក្សចោល និងបានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា។

ខែមេសា, ខែឧសភា និងឈានចូលក្នុងខែមិថុនានេះ គឺជាខែដែលមានការស្នើសុំចូលរួមជីវភាពនយោបាយជាច្រើន ពីសកម្មជនទាំងក្នុង និងក្រៅប្រទេសដែលធ្លាប់បានចូលរួមធ្វើសកម្មភាពបំរើគណបក្សប្រឆាំង។ នេះជាការស្នើសុំចូលរួមជីវភាពនយោបាយរបស់សកម្មជនគន្លឹះ ម្នាក់ទៀតក្នុងរាជធានីភ្នំពេញ។

ការស្នើសុំចូលរួមជីវភាពនយោបាយរបស់សកម្មជនគន្លឹះគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់នេះ បានធ្វើឡើងខណៈដំណើរការបោះឆ្នោតសកលថ្ងៃទី២៣កក្កដានឹងមកដល់ ប្រមាណជាង៣០ថ្ងៃទៅមុខទៀតនេះ។

កាលពីម្សិលមិញ, សកម្មជនគណបក្សភ្លើងទៀនពីខេត្តត្បូងឃ្មុំ ដែលសុទ្ធតែជាស្រ្តី ក៏បានបន្តស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជាផងដែរ។ នេះជាវីដេអូដែលបានផ្សាយតាមបណ្តាញសង្គមពីខេត្តត្បូងឃ្មុំ។

ads banner