សម្តេចតេជោ ហ៊ុន សែន រំលឹកទិវា២០មិថុនា៤៦ឆ្នាំមុន (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានរំលឹកទិវា២០មិថុនាកាលពី៤៦ឆ្នាំមុន ដែលបានសម្រេចចិត្តត្រូវចាកចេញតស៊ូ ដើម្បីប្រឆាំងនឹងការផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមប៉ុលពត។

ប្រសាសន៍រំលឹកនេះបានធ្វើនៅក្នុងទិវាខួបរំលឹកព្រឹត្តិការណ៍ថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ ដែលពេលនោះសម្តេច និងយុទ្ធមិត្ត៤នាក់ទៀត បាននាំគ្នាចាកចេញបង្កើតចលនាតស៊ូប្រឆាំងនឹងរបបខ្មែរក្រហមប៉ុលពត។

សម្តេចបានថ្លែងរំលឹកព្រឹត្តិការណ៍ដែលពេលនោះ គឺជាការសម្រេចជាលើកទី២ ក្នុងការចេញតស៊ូបន្ទាប់ពីការចេញតស៊ូលើកទី១ គឺនៅក្នុងឆ្នាំ១៩៧០ បន្ទាប់ពីមានព្រះរាជបន្ទូលអំពាវនាវរបស់អតីតព្រះមហាក្សត្រខ្មែរសម្តេចព្រះ នរោត្តម សីហនុ, និងការចេញតស៊ូលើកទី២ នៅថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ ក្រោយឃើញការធ្វើទុក្ខបុកម្នេញរបស់របប ប៉ុល ពត ដាក់មកលើប្រជាជនខ្លួនឯង ដែលបង្ខំចិត្តត្រូវធ្វើដំណើរចូលក្នុងទឹកដីនៃប្រទេសវៀតណាម។

ប្រវត្តិសាស្ត្របានបង្ហាញថានៅទីតាំងកោះថ្ម, ឃុំទន្លូង ស្រុកមេមត់ នៃខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំតំបន់២១ វេលាម៉ោង៩យប់នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧, សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន៤នាក់ គឺសមមិត្ត នុច ថន, ញឹក ហួន, សាន សាញ់, និង វ៉ា ប៉ោអៀន បានចាប់ផ្តើមដំណើរភៀសខ្លួនចេញទៅវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

នាវេលាម៉ោង២ទាបភ្លឺថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន បានធ្វើដំណើរចូលចម្ងាយប្រមាណ ២០០ម៉ែត្រ ទៅក្នុងទឹកដីវៀតណាម។

សំណួរមួយចំនួនដែលលេចឡើងនៅចំពោះសមមិត្ត ហ៊ុន សែន នាពេលនោះគឺថាតើអាចត្រូវស្លាប់នៅពេលឆ្លងព្រំដែនកម្ពុជា-វៀតណាម ដោយសារជាន់មីន ឬដោយសារកងការពារព្រំដែនរបស់វៀតណាមឬទេ? តើអាចត្រូវជាប់គុកដោយសារការឆ្លងដែនខុសច្បាប់ឬទេ? តើវៀតណាមជឿហើយសុខចិត្តជួយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឬទេ ក្នុងពេលដែលវៀតណាម កំពុងមានទំនាក់ទំនងការទូត ជាមួយកម្ពុជាប្រជាធិបតេយ្យ? សម្តេចតេជោបញ្ជាក់ថាថ្ងៃចាកចេញនោះ ហើយគឺជាថ្ងៃចាប់ផ្តើមយកជីវិតធ្វើជាដើមទុន។

ប្រវត្តិសាស្ត្របានសរសេរថា វេលាម៉ោង២រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧, សមមិត្ត ហ៊ុន សែន និងក្រុមយុទ្ធជន បានដើរចូលទៅភូមិវៀតណាមមួយ ដែលមានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រពីព្រំដែន។ ក្រុមយុទ្ធជនកម្ពុជាបានប្រទះនឹងកម្មករចម្ការកៅស៊ូរបស់វៀតណាម ហើយកម្មករនោះ ក៏បានប្រាប់ឱ្យសមមិត្ត ហ៊ុន សែន និងក្រុមយុទ្ធជនរង់ចាំនៅទៅនោះសិន។

បន្ទាប់មកកម្មករបាននាំកម្លាំងស្វ័យការពារវៀតណាមមកដល់ដោយមានអាវុធមកជាមួយផងដែរ។ ក្រោយការសាកសួរដេញដោលដោយការសង្ស័យពីកម្លាំងប្រដាប់អាវុធវៀតណាម នោះមក, ទីបំផុតវៀតណាមកាន់តែទទួលស្គាល់ថា សមមិត្ត ហ៊ុន សែន គឺជាមានឋានៈខ្ពស់ ថ្នាក់បញ្ជាការវរសេនាធំ។ ប្រវត្តិសាស្ត្ររបស់កម្ពុជាបានចារឹកទុកព្រឹត្តិការណ៍ទាំងនេះ ជាប្រវត្តិសាស្ត្ររបស់ជាតិ។

ប្រជាជនកម្ពុជាបានទទួលស្គាល់ថាបើគ្មានថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ កាលពី៤៦ឆ្នាំមុននោះទេ, កម្ពុជាក៏នឹងអាចគ្មានថ្ងៃទី៧ មករា ឆ្នាំ១៩៧៩, កម្ពុជាក៏មិនអាចមានថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ នៃថ្ងៃអស់សង្គ្រាមស៊ីវិល និងកម្ពុជាក៏មិនអាចមានសន្តិភាព និងការអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះដែរ។

ads banner