២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជិត ៥០០ ករណី (Video Inside)
ប្រទេសមួយចំនួននៅអាស៊ាននៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ ក្នុងនោះកម្ពុជាក៏បន្តរកឃើញឆ្លងថ្មី ៣ករណីថែមទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្មី ៣ករណីនៅថ្ងៃនេះ ជាតួលេខបន្តកើនឡើងថែមទៀតចំនួន ១ករណី បើប្រៀបធៀបនឹងម្សិលមិញ។
តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៤៨៦ករណី ដែលជាតួលេខឆ្លងបន្តថយចុះច្រើនដល់ចំនួន ១ពាន់ ១៣៣ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។
ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ នៅអាស៊ានរួមមានប្រទេសឥណ្ឌូនេស៊ី, ថៃ, វៀតណាម, ឡាវ និងប្រទេសកម្ពុជា។ ប្រទេសថៃ គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ២៧២ ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទសកម្ពុជា ដែលមានការឆ្លងចំនួន ៣ករណី។ ប្រទេសសឹង្ហបុរី, ហ្វីលីពីន, ម៉ាឡេស៊ី, ប្រុយណេ និងប្រទេសមីយ៉ាន់ម៉ា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននា ពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ២៣ម៉ឺន ៩ពាន់ ៧៩ករណី, និងការស្លាប់សរុប មានចំនួន ៣៦ម៉ឺន ៨ពាន់ ១៩៨នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លង វីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩០លានករណី, និងការស្លាប់មានជាង ៦លាន ៨៩ម៉ឺននាក់៕