របាយការណ៍ថ្មីមួយបង្ហាញថា ផ្ទាំងទឹកកកនៅជួរភ្នំហិម៉ាល័យនឹងត្រូវបាត់បង់រហូតដល់ ៧៥ភាគរយនៅឆ្នាំ២១០០
បរទេស៖ ផ្ទាំងទឹកកកនៅតំបន់ជួរភ្នំហិម៉ាល័យ អាចនឹងបាត់បង់រហូតដល់ ៧៥ភាគរយនៃបរិមាណទឹកកករបស់វា នៅចុងសតវត្សន៍ខាងមុខ ដោយសារការកើនឡើងកំដៅផែនដី។
យោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញថា ផ្ទាំងទឹកកកនៅតំបន់ជួរភ្នំហិម៉ាល័យ ត្រូវបានគេរំពឹងថា អាចនឹងបាត់បង់រហូតដល់ ៧៥ភាគរយនៃបរិមាណទឹកកករបស់វានៅចុងសតវត្សន៍ខាងមុខ ដោយសារការកើនឡើងកំដៅផែនដី ដែលបណ្តាលឱ្យមានទាំងទឹកជំនន់ដ៏គ្រោះថ្នាក់ និងការខ្វះខាតទឹកសម្រាប់ប្រជាជន ២៤០លាននាក់ដែលរស់នៅក្នុងតំបន់ជួរភ្នំនេះ។ អាជ្ញាធរវិទ្យាសាស្ត្រអន្តររដ្ឋាភិបាលក្នុងតំបន់ បាននិយាយថា ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិបានរកឃើញថា ការបាត់បង់ទឹកកកក្នុងតំបន់ ជាពិសេសនៅលើកំពូលភ្នំអេវឺរ៉េស និង K2 កំពុងតែមានល្បឿនលឿន។
ក្នុងកំឡុងទសវត្សរ៍ឆ្នាំ ២០១០ ផ្ទាំងទឹកកកបានស្រក់ទឹកកកលឿនជាង ៦៥ភាគរយ បើធៀបនឹងទសវត្សរ៍មុន។ នេះបើយោងតាមការវាយតម្លៃដោយមជ្ឈមណ្ឌលអន្តរជាតិ សម្រាប់ការអភិវឌ្ឍន៍ភ្នំរួមបញ្ចូលគ្នា (ICIMOD) ដែលមានមូលដ្ឋាននៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។ តំបន់ជួរភ្នំហិម៉ាល័យ បានលាតសន្ធឹងប្រវែង ៣,៥០០គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដែស ប៊ូតង់ ចិន ឥណ្ឌា មីយ៉ាន់ម៉ា នេប៉ាល់ និងប៉ាគីស្ថាន។
បើតាមរបាយការណ៍ខាងលើនេះ ការកើនឡើងសីតុណ្ហភាព ១.៥អង្សាសេ ឬ ២អង្សាសេនៃការឡើងកំដៅលើសពីសីតុណ្ហភាពមុនសម័យឧស្សាហកម្ម នឹងធ្វើឱ្យផ្ទាំងទឹកកកនៅទូទាំងតំបន់ទាំងមូល បាត់បង់ពី ៣០ភាគរយទៅ ៥០ភាគរយនៃបរិមាណរបស់ពួកវានៅឆ្នាំ ២១០០ខាងមុខ។ ចំណែកនៅសីតុណ្ហភាព ៣អង្សារសេ នឹងធ្វើឱ្យផ្ទាំងទឹកកកនៅតំបន់ជួរភ្នំហិម៉ាល័យភាគខាងកើត ដែលមាននៅក្នុងប្រទេសនេប៉ាល់ និងប៊ូតាន នឹងបាត់បង់រហូតដល់ ៧៥ភាគរយនៃបរិមាណទឹកកករបស់ពួកវា។ រីឯនៅសីតុណ្ហភាព ៤អង្សារសេ នឹងធ្វើឱ្យផ្ទាំងទឹកកកបាត់បង់រហូតដល់ ៨០ភាគរយ៕
ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា