ក្រុមហ៊ុន Intel បោះទុនជិត ៣៣ពាន់លានដុល្លារសាងសង់រោងចក្រផលិតបន្ទះឈីបនៅអាល្លឺម៉ង់

ប៊ែរឡាំង៖ ក្រុមហ៊ុន Intel របស់សហរដ្ឋអាមេរិក បានប្រកាសពីការបោះទុនជាង ៣០ពាន់លានអឺរ៉ូ ឬប្រហែល៣២.៨ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបនៅក្នុងទីក្រុង Magdeburg ភាគខាងកើត។

ក្រុមហ៊ុន Intel និងរដ្ឋាភិបាលអាល្លឺម៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលនឹងមើលឃើញក្រុមហ៊ុនអាមេរិកមួយនេះ ចាយទុនជាង ៣០ពាន់លានអឺរ៉ូ ឬប្រហែល៣២.៨ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបនៅក្នុងទីក្រុង Magdeburg ភាគខាងកើត បន្ទាប់ពីភាគីអាល្លឺម៉ង់បានសន្យារ៉ាប់រងមួយភាគបីនៃការចំណាយ។

កិច្ចព្រមព្រៀងនេះបានកើតមានឡើងនៅពេលដែលអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ ជួបនាយកប្រតិបត្តិក្រុមហ៊ុន Intel លោក ផេត ជែលស៊ីងហ្គឺ នៅទីក្រុងប៊ែរឡាំង។ ក្រុមហ៊ុន Intel បានទិញដីដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបចំនួនពីរទីតាំងនៅក្នុងទីក្រុង Magdeburg កាលពីខែវិច្ឆិកាកន្លងទៅ។ ក្រុមហ៊ុន Intel បាននិយាយថា ទីតាំងទីមួយត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមផលិតបន្ទះឈីបក្នុងរយៈពេល ៤ ឬ ៥ឆ្នាំទៀត។

ស្របពេលជាមួយគ្នានេះដែរ លោក Robert Habeck ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ និងជាអនុអធិការបតីអាល្លឺម៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគនៅប្រទេសអាល្លឺម៉ង់មានន័យថា ជាការពង្រីកយ៉ាងសំខាន់នៃសមត្ថភាពផលិតរបស់ក្រុមហ៊ុន Intel នៅអឺរ៉ុប និងជាការវិនិយោគដ៏ធំបំផុតដែលមិនធ្លាប់មាន ដោយក្រុមហ៊ុនបរទេសនៅអាល្លឺម៉ង់ផងដែរ៕

ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner