ប្រជាសហគមន៍ ក្នុងស្រុកសំឡូត ចិញ្ចឹមឃ្មុំក្រៅពីដំណាំកសិកម្ម សម្រាប់លើកស្ទួយ ជីវភាពគ្រួសារ
បាត់ដំបង៖ ប្រជាសហគមន៍នៅ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បានរួមគ្នា ចិញ្ចឹមឃ្មុំផលិតយកទឹកលក់រកប្រាក់ចំណូលបន្ថែមដើម្បីបង្កើនប្រាក់ចំណូលក្នុងជីវភាពគ្រួសារ។ ពួកគាត់ចិញ្ចឹមឃ្មុំ ដែលជាមុខរបរបន្ថែមរបស់បងប្អូនប្រជាពលរដ្ឋ ក្រៅពីធ្វើចំការដូចជាដាំទុរេន ដាំតាងែន សាម៉ាវ ជាដើម។
លោក ឌុក ម៉េង ប្រធានសហគមន៍ព្រៃឈើភូមិកញ្ចាំង ស្រុកសំឡូត ខេត្តបាត់ដំបងបានបញ្ជាក់ឱ្យដឹងថា ៖ សហគមន៍មួយនេះមានទំហំដី ៤០០ហិកតា ។ ប្រជាសហគមន៍របស់លោកចាប់ផ្តើមចិញ្ចឹមឃ្មុំតាំងតែពីឆ្នាំ ២០១៨មក។ ការចិញ្ចឹមសត្វឃ្មុំ បានផ្តល់នូវអត្ថប្រយោជន៍ដល់សហគមន៍ពីព្រោះថាក្រៅពីជួយបង្កាត់កេសរផ្លែឈើឱ្យជាប់ផ្លែច្រើនហើយ ទឹករបស់វាគេនៅអាចលក់រកប្រាក់កម្រៃសម្រាប់ជួយលើកស្ទួយជីវភាពគ្រួសារទៀតផង។
ប្រធានអ្នកចិញ្ចឹមសត្វឃ្មុំរូបនេះបានឱ្យដឹងថា”កាលពីមុនមកធុងដែលជាសំបុកសត្វឃ្មុំមានប្រមាណ១៨០ធុងតែនៅពេលបច្ចុប្បន្ននៅសល់ត្រឹម ៨០ធុង ឬ១០០ធុង ដោយសារ រដូវក្តៅទើបកន្លងផុតទៅថ្មីៗមកនេះ ។ ឃ្មុំទាំងនេះជាឃ្មុំចិញ្ចឹម យកពូជបង្កាត់មកពីប្រទេសអឺរ៉ុប ។ ពីដើមឡើយដោយសារមូលនិធិ ម៉ាដក្សជូលីភីតបានបង្ហាត់បង្រៀន ក្នុងការចិញ្ចឹមសត្វឃ្មុំឱ្យស្គាល់ពីតម្លៃនៃការចិញ្ចឹមឃ្មុំ ។ នៅពេលចិញ្ចឹម ក៏ចេះតែចង់ ព្រោះជោគជ័យក៏រួមគ្នាចិញ្ចឹមរហូតមកដល់ពេលបច្ចុប្បន្នតែម្តង។
ដោយឡែក លោក ម៉ិល សាម៉េត ប្រធានគ្រប់គ្រងកម្មវិធីកសិកម្មនិងការចិញ្ចឹមឃ្មុំ នៃមូលនិធិម៉ាកដក្សចូលីភីតបានឱ្យដឹងថា ការចិញ្ចឹមឃ្មុំមួយធុងបានផ្តល់ជាទឹកឃ្មុំ៥ ទៅ ៧លីត្រ ដោយប្រើក្នុងចន្លោះពី ១០ ទៅ ១៤ថ្ងៃ ហើយអាចលក់ក្នុងមួយលីត្រ ៧ម៉ឺនរៀល។ លោកបានប្រាប់ដែរថា”មាន ៣០គ្រួសារដែលចិញ្ចឹមឃ្មុំនេះ ។ ពេលនេះជីវភាពគាត់ល្អប្រសើរ បើធៀបកាលពីមិនទាន់ចិញ្ចឹមឃ្មុំ”។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា៖ ពលរដ្ឋបានចាប់ផ្តើមចិញ្ចឹមឃ្មុំក្នុងសហគមន៍ និងផ្គួបផ្សំជាមួយការបានចូលរួមរៀនជំនាញ ក្នុងការចិញ្ចឹមឃ្មុំផងធ្វើឱ្យពួកគាត់ទទួលបានជោគជ័យរហូតមកដល់ពេលបច្ចុប្បន្ន ។
ជាមួយគ្នា ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងបញ្ជាក់ថា សហគមន៍ក្រៅពីស្តារឡើងវិញ នៃព្រៃឈើ តែក៏ជាផ្នែកមួយបង្កើនចំណីសម្រាប់សត្វឃ្មុំ ដែរ ព្រោះថាសហគមន៍មួយនេះប្រជាពលរដ្ឋបានចិញ្ចឹមឃ្មុំ ដែលជាមុខរបរបន្ថែមរបស់បងប្អូនប្រជាពលរដ្ឋក្រៅពីធ្វើចំការ។
ទាក់ទិនក្នុងការចិញ្ចឹមឃ្មុំនេះដែរ ឯកឧត្តម រដ្ឋលេខាធិការ បន្ថែមថា ក្រសួងបរិស្ថានបានសហការជាមួយអង្គការយូណេស្កូ និងព្រមទាំងជាមួយអង្គការដៃគូនានាផង បានកំពុងរៀបចំផែនទីបង្ហាញផ្លូវ និងរៀបចំផែនការជាតិសម្រាប់ការចិញ្ចឹមឃ្មុំប្រកបដោយនិរន្តភាព និងការអភិរក្សឃ្មុំព្រៃនៅកម្ពុជា។សម្រាប់នៅកម្ពុជាមានឃ្មុំច្រើនប្រភេទនៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ។ ទឹកឃ្មុំផ្តល់ផលប្រយោជន៍ច្រើនដល់ប្រជាសហគមន៍ ក្នុងការរកផលកម្រៃបន្ថែមសម្រាប់លើកស្ទួយជីវភាពគ្រួសារ ។
ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់បន្ថែមថា ៖ ទឹកឃ្មុំក្រៅពីផ្តល់សារជាតិដល់សុខភាពរាងកាយហើយ គេនៅជឿជាក់ថាផ្តល់នូវឱសថសម្រាប់ព្យាបាលរោគជំងឺផងដែរ ។ ទឹកឃ្មុំមាន២ប្រភេទមួយមកពីព្រៃធម្មជាតិ និងមួយទៀតបានមកពីឃ្មុំចិញ្ចឹម ។
តាមការសិក្សាពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្នុងឆ្នាំ២០២០ ពាណិជ្ជកម្មអន្តរជាតិលើផលិតផលទឹកឃ្មុំនេះ មានតម្លៃជាទឹកប្រាក់ជាង ៧ពាន់លានដុល្លារ ខណៈនៅឆ្នាំ២០២១ មានជាង ៨ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២២កន្លងមក ត្រូវបានគេដឹងថា បានបន្តការកើនឡើងដល់ជាង ១១ពាន់លានដុល្លារ ។ ក្នុងនោះដែរ ប្រទេសដែលនាំចេញទឹកឃ្មុំធំៗរបស់ពិភពលោក រួមមាន ណូវែលហ្សឺឡង់, ចិន,អាហ្សង់ទីណា,អាល្លឺម៉ង់ និងអ៊ុយក្រែន។ ខណៈដែលប្រទេសនាំចូលទឹកឃ្មុំច្រើនជាងគេ រួមមាន សហរដ្ឋអាមេរិក, អាល្លឺម៉ង់,ជប៉ុន,បារាំង និងចក្រភពអង់គ្លេស ៕
អត្ថបទ៖លោក ជិន ម៉ាដេប៉ូ , រូបភាព៖ លោក ងីម ឆៃហួត