រដ្ឋមន្រ្តីបរិស្ថានអ៊ុយក្រែនថា ការបាក់ទំនប់វារីអគ្គិសនី កាខូវកា បង្កការខាតបង់ជាង ១.៣ពាន់លានដុល្លារ
ព្រុចសែល៖ ការបំផ្លិចបំផ្លាញទំនប់វារីអគ្គិសនី កាខូវកា ដ៏ធំនេះ បានបណ្តាលឱ្យមានការខូចខាតមានទំហំ ១.២ពាន់លានអឺរ៉ូ ឬប្រហែល ១.៣១ពាន់លានដុល្លារអាមេរិក ដោយរដ្ឋមន្ត្រីបរិស្ថានអ៊ុយក្រែន នៅថ្ងៃអង្គារនេះ បានព្រមានថា ទឹកជំនន់អាចនឹងនាំយកគ្រាប់មីនរបស់រុស្ស៊ីទៅដល់ច្រាំង ឬឆេ្នរសមុទ្ររបស់ប្រទេសអឺរ៉ុបផ្សេងទៀត។
ថ្លែងតាមតំណភ្ជាប់វីដេអូទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថាន នៃបណ្តាប្រទេសសហភាពអឺរ៉ុប រដ្ឋមន្ត្រីបរិស្ថានអ៊ុយក្រែន លោក រូស្លែន ស្រ៊ីលលែតស៍ បាននិយាយថា ការវាយតម្លៃនៃការខូចខាតកំពុងដំណើរការ ប៉ុន្តែការបាក់ទំនប់ទឹកនេះ គឺជាគ្រោះមហន្តរាយបរិស្ថានដ៏ធំបំផុត ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២២។ លោក ស្រ៊ីលលែតស៍ បាននិយាយយ៉ាងដូច្នេះថា មានរបស់ជាច្រើនដែលយើងមិនអាចស្តារឡើងវិញបាន… ទាំងនេះគឺជាប្រព័ន្ធអេកូឡូស៊ីដែលត្រូវបានទឹកនាំទៅក្នុងសមុទ្រខ្មៅ។
ក្នុងនោះរួមបញ្ចូលទាំងសត្វចំនួន ២០,០០០ក្បាលដែលប្រហែលជាបានស្លាប់ រួមទាំងប្រភេទសត្វជិតផុតពូជ ដែលត្រូវបានរកឃើញតែនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះ លោក ស្រ៊ីលលែតស៍ មិនបានបញ្ជាក់ពីអ្វីដែលរួមបញ្ចូលការខូចខាតទំហំ១.២ពាន់លានអឺរ៉ូនោះទេ ប៉ុន្តែបាននិយាយថា ការបាក់ទំនប់នេះ បានធ្វើឱ្យមនុស្សប្រហែល ១លាននាក់គ្មានទឹកបរិភោគ បន្ទាប់ពីបរិមាណនៃអាងស្តុកទឹក កាខូវកា បានធ្លាក់ចុះបីភាគបួន ហើយកំទេចកំទីនឹងត្រូវបោកបក់ទៅកាន់ប្រទេសផ្សេងៗទៀត ដូច្នេះអឺរ៉ុបនឹងរកឃើញគ្រាប់មីនរបស់រុស្ស៊ីនៅលើឆ្នេររបស់ខ្លួន។
សូមរម្លឹកថា ការបាក់រលំទំនប់វារីអគ្គិសនី កាខូវកា ដែលគ្រប់គ្រងដោយរុស្ស៊ីកាលពីថ្ងៃទី០៦ ខែមិថុនា បានបង្កជាគ្រោះទឹកជំនន់នៅទូទាំងភាគខាងត្បូងប្រទេសអ៊ុយក្រែន និងតំបន់ដែលកាន់កាប់ដោយរុស្ស៊ីនៅក្នុងតំបន់ខើសុន ដោយបានសម្លាប់មនុស្សជាង ៥០នាក់ ព្រមទាំងបំផ្លាញផ្ទះសម្បែង និងដីស្រែចម្ការផងដែរ៕
ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា