ឡាវមានផែនការនាំចេញអង្ករទៅកាន់សហរដ្ឋអាមេរិកនៅឆ្នាំ ២០២៤

វៀងចន្ទន៍៖ ម្ចាស់ក្រុមហ៊ុនផលិតអង្ករក្នុងប្រទេសឡាវ បានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេ ក្នុងការនាំចេញអង្ករទៅកាន់សហរដ្ឋអាមេរិកនៅឆ្នាំក្រោយ បន្ទាប់ពីការនាំចេញអង្កររបស់ឡាវចូលទីផ្សារអឺរ៉ុប ទើបទទួលជោគជ័យនាពេលថ្មីៗនេះ។

ប្រធានក្រុមហ៊ុន Champahom Trading Import-Export Company លោកស្រី Bounhieng Phommyxay បាននិយាយថា ក្រុមហ៊ុនរបស់អ្នកស្រីបានត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញអង្ករទៅកាន់សហរដ្ឋអាមេរិកនៅឆ្នាំ ២០២៣ ហើយនឹងចាប់ផ្តើមនាំចេញជាផ្លូវការនៅដើមឆ្នាំ ២០២៤។

តំណាងសហភាពអឺរ៉ុបក្នុងប្រទេសឡាវ ក៏បានបង្ហាញពីការចាប់អារម្មណ៍ក្នុងការនាំចេញអង្ករកាន់តែច្រើនពីឡាវទៅកាន់បណ្តាប្រទេសអឺរ៉ុបផងដែរ បន្ទាប់ពីប៊ែលហ្ស៊ិក និងបារាំងបានទទួលជោគជ័យ ក្នុងការនាំចូលអង្ករពីឡាវក្នុងឆ្នាំ ២០២១ និងឆ្នាំ ២០២៣។

កាលពីដើមខែនេះ ក្រុមហ៊ុន Champahom Trading Import-Export បាននាំចេញអង្ករធម្មតាចំនួន ២៣តោន និងអង្ករដំណើបចំនួន ២តោនទៅកាន់ប្រទេសបារាំង។ ទន្ទឹមគ្នា ក្រុមហ៊ុននេះរំពឹងថា ការនាំចេញអង្ករជាច្រើនទៀតរបស់ខ្លួន នឹងលើកកម្ពស់អង្កររបស់ឡាវ ដែលជាផលិតផលស្តង់ដារអន្តរជាតិ ជាពិសេសនៅលើទីផ្សារអឺរ៉ុប។

សូមរម្លឹកថា នៅឆ្នាំ ២០២២ ក្រុមហ៊ុន Champahom Trading Import-Export បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុន Wech Gros Import-Export នៅប្រទេសបារាំង ដើម្បីលក់អង្ករដំណើបចំនួន ១,០០០តោន ក្នុងតម្លៃ ១,២០០,០០០ដុល្លារក្នុងមួយឆ្នាំៗ សម្រាប់ចំនួនឆ្នាំដែលមិនបានបញ្ជាក់ ជាមួយនឹងការនាំចេញអង្ករលើកដំបូងចំនួន ២៥តោនទៅកាន់ប្រទេសបារាំង ក្នុងខែមករា ឆ្នាំ ២០២៣៕

ប្រភព៖ Laotian Times ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner