ឯកឧត្តម ប៉ាន សូរស័ក្តិ ៖រាជរដ្ឋាភិបាល ដឹងគុណចំពោះអតីតយុទ្ធជន និវត្តន៍ជន ដែលបានតស៊ូ ដើម្បីនាំមកនូវសុខសន្តិភាព ស្ថេរភាព និងវឌ្ឍនភាពសង្គម
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានលើកឡើថា រាជរដ្ឋាភិបាល ដឹងគុណចំពោះអតីតយុទ្ធជន និវត្តន៍ជនទាំងអស់ ដែលបានតស៊ូ លះបង់គ្រប់បែបយ៉ាង ដើម្បី នាំមកនូវសុខសន្តិភាព ស្ថេរភាព និងវឌ្ឍនភាពសង្គម ក្នុងការរំដោះប្រទេសជាតិចេញពី របបប្រល័យពូជសាសន៍ ប៉ុល ពត រហូតសព្វថ្ងៃនេះ ជាពិសេសការទប់ស្កាត់មិនឱ្យរបបនេះត្រឡប់មកវិញបានឡើយ ។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអបអរសាទរដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនទាំង ២៤៨នាក់ ដែលត្រូវបានបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ដែលនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ដែលសម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី តែងតែគិតគូរអំពីសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជាយើង ។
ការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនស្រុកព្រៃឈរ និងស្រុកបាធាយ កាលពីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការពារជាតិជូនដល់ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន ២៤៨នាក់ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្តទៀតថា មានបងប្អូនអតីតយុទ្ធជន ទើបមានសន្តិភាព, សន្តិភាពនេះហើយ ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងទទួលបានសមិទ្ធផល និងជោយជ័យជូនជាតិមាតុភូមិជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ៕
ដោយ ង៉ាន់ ទិត្យ