មេដឹកនាំឥណ្ឌា លោក ម៉ូឌី ធ្វើដំណើរទស្សនកិច្ចទៅអាមេរិក ដើម្បីពង្រឹងទំនាក់ទំនងស៊ីជម្រៅ ខណៈបញ្ជាក់ពីជំហរជុំវិញជម្លោះនៅអ៊ុយក្រែន
អាមេរិក: នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានធ្វើដំណើរទៅដល់ទឹកដីសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋដើម្បីពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយក្រុងវ៉ាស៊ីនតោន និងធ្វើពិពិធកម្មភាពជាដៃគូរវាងប្រទេសទាំង២ ខណៈបញ្ជាក់ពីជំហរ «ដោយគ្មានការសង្ស័យ» របស់ឥណ្ឌាជុំវិញបញ្ហានៅអ៊ុយក្រែន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
នេះជាលើកទី៥ហើយ ដែលលោក ម៉ូឌី ធ្វើដំណើរទៅសហរដ្ឋអាមេរិក ចាប់តាំងពីឡើងកាន់អំណាចនៅឆ្នាំ ២០១៤ យ៉ាងណាមិញ ទស្សនកិច្ចរបស់លោកនៅសប្ដាហ៍នេះ ដែលនឹងបន្តរហូតដល់ថ្ងៃសៅរ៍ គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងតាមការទូត។
លោក ម៉ូឌី បានធ្វើដំណើរទៅដល់ទីក្រុងញូវយ៉កកាលពីរសៀលថ្ងៃអង្គារ ជាកន្លែងដែលលោកមានកិច្ចប្រជុំធុរកិច្ច ហើយនឹងប្រារព្ធទិវាយោគៈអន្តរជាតិនៅថ្ងៃពុធនេះ មុនពេលធ្វើដំណើរបន្តទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ នៅទីនោះ លោកនឹងពិសារអាហារពេលល្ងាចជាលក្ខណៈឯកជន ជាមួយលោកប្រធានាធិបតី ចូ បៃដិន នាថ្ងៃពុធដដែល បន្ទាប់មកមានការពិភាក្សានៅឯសេតវិមាន និងអាហារពេលល្ងាចថ្នាក់រដ្ឋនៅថ្ងៃព្រហស្បតិ៍។
គេរំពឹងថា ដំណើរទស្សនកិច្ចនេះនឹងសម្រួលប្រទេសទាំង២ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មការពារជាតិ និងវិស័យបច្ចេកវិទ្យាទំនើបៗ ដោយឥណ្ឌាអាចប្រើប្រាស់បច្ចេកវិទ្យាសំខាន់ៗរបស់អាមេរិក ដែលទីក្រុងវ៉ាស៊ីនតោនកម្រចែករំលែកជាមួយប្រទេសដែលមិនមែនសម្ព័ន្ធមិត្ត។
នាយកនៃគំនិតផ្តួចផ្តើមអាស៊ីខាងត្បូងនៅវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី លោក Farwa Aamer បាននិយាយប្រាប់ទូរទស្សន៍អាមេរិក CNBC ថា៖ «ដំណើរទស្សនកិច្ចនេះ បង្ហាញពីការប្តេជ្ញាចិត្តដែលមិនអាចផ្លាស់ប្តូរបានក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ និងបង្ហាញពីសក្តានុពលដ៏ធំធេងសម្រាប់ប្រទេសទាំង២ក្នុងការសហការគ្នាចំពេលមានបញ្ហាប្រឈមជាសកល»។
លោក Aamer បានបន្តទៀតថា៖ «សម្រាប់មនុស្សជាច្រើននៅក្នុងប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក ដំណើរទស្សនកិច្ចនេះគឺជាសក្ខីភាពមួយចំពោះការសន្យា និងការរំពឹងទុកខ្ពស់សម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងឥណ្ឌា ដែលជាភាពរីកចម្រើនរួមគ្នាមួយ»។
ជុំវិញការណ៍នេះផងដែរ លោក Modi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ មុនពេលចេញដំណើរពីឥណ្ឌាថា ដំណើរទស្សនកិច្ចលើកនេះ «គឺជាការឆ្លុះបញ្ចាំងពីភាពមានសុខភាពល្អ និងភាពរឹងមាំនៃភាពជាដៃគូរវាងប្រទេសប្រជាធិបតេយ្យរបស់យើង»។
លោកបន្តទៀតថា៖ «ខ្ញុំក៏នឹងជួបជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុនឈានមុខគេមួយចំនួន ដើម្បីពិភាក្សាអំពីឱកាសសម្រាប់ការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរបស់យើង និងសម្រាប់ការកសាងខ្សែសង្វាក់ផ្គត់ផ្គង់សកលដែលមានភាពធន់»។
បើតាមរ៉យទ័រ ដែលស្រង់សម្ដីប្រភពដឹងពីព័ត៌មាន លោក ម៉ូឌី នឹងជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ដែលនឹងសង្ខេបឱ្យលោកអំពីផែនការបង្កើតមូលដ្ឋានផលិតរថយន្តអគ្គិសនីនៅឥណ្ឌា។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកចាត់ទុកឥណ្ឌាជាដៃគូដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីរុញច្រានប្រឆាំងនឹងការពង្រីកឥទ្ធិពលរបស់ចិននៅទូទាំងពិភពលោក ប៉ុន្តែអ្នកវិភាគមួយចំនួន ចោទសួរពីឆន្ទៈរបស់ឥណ្ឌា ក្នុងការក្រោកឈរឡើងរួមគ្នាប្រឆាំងនឹងទីក្រុងប៉េកាំងលើបញ្ហាដូចជាតៃវ៉ាន់ក៏ដោយ។
ជាមួយគ្នានោះ គេក៏មើលឃើញថា ក្រុងវ៉ាស៊ីនតោនក៏បារម្ភពីឆន្ទៈរបស់ឥណ្ឌាក្នុងការថ្កោលទោសការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ីផងដែរ ខណៈឥណ្ឌាបានពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី ដូចជាតាមរយៈការបង្កើនការទិញប្រេងថោកៗពីក្រុងមូស្គូ ដែលជាអ្នកផ្គត់ផ្គង់អាវុធនាំមុខរបស់ឥណ្ឌារួចស្រាប់ហើយ។
សូមកត់សម្គាល់ថា ក្រុងវ៉ាស៊ីនតោន និងក្រុងញូវដែលី មានភាពខុសគ្នាលើយុទ្ធសាស្រ្តការបរទេសរបស់ខ្លួន ជុំវិញជម្លោះនៅអ៊ុយក្រែន។ ឥណ្ឌាមិនបានថ្កោលទោសរុស្ស៊ីដូចអាមេរិកនោះទេ ហើយបានជំរុញឱ្យភាគីទាំង២ដោះស្រាយការខ្វែងគំនិតគ្នា តាមរយៈការទូត។ ខណៈឥណ្ឌានៅតែពឹងផ្អែកលើអាវុធពីរុស្ស៊ី ការបង្កើនការនាំចូលថាមពលពីរុស្ស៊ីរបស់ឥណ្ឌា ធ្វើឱ្យមានការអាក់ចិត្តពីសម្ព័ន្ធមិត្តលោកខាងលិចដែលបណ្ដឹងទណ្ឌកម្មវិមានក្រឹមឡាំង។
លោក Amit Ranjan អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន NUS សម្រាប់ការសិក្សាពីអាស៊ីខាងត្បូង បាននិយាយប្រាប់ CNBC ថា៖ «ឥណ្ឌាបានក្លាយទៅជាជិតស្និទ្ធនឹងលោកខាងលិចក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំចុងក្រោយនេះ ប៉ុន្តែមិនអាចផ្តាច់ចេញពីប្រទេសរុស្ស៊ីបានឡើយ»។ លោកបន្តថា៖ «រុស្ស៊ីគឺជាមិត្តចាស់របស់ឥណ្ឌា ហើយឥណ្ឌាយល់ពីសារៈសំខាន់នៃទំនាក់ទំនង។ ប្រេងគឺជាផ្នែកសំខាន់នៃទំនាក់ទំនងនោះ»។
យ៉ាងណាមិញ ក្នុងបទសម្ភាសន៍ជាមួយកាសែត Wall Street Journal ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ជុំវិញមតិរិះគន់នៅសហរដ្ឋអាមេរិកសម្រាប់ការមិនប្រកាន់ជំហររឹងមាំឱ្យខ្លាំងប្រឆាំងនឹងរុស្ស៊ីជុំវិញបញ្ហានៅអ៊ុយក្រែន លោក ម៉ូឌី បានថ្លែងថា៖ «ខ្ញុំមិនគិតថា ការយល់ឃើញបែបនេះ មានភាពទូលំទូលាយនៅសហរដ្ឋអាមេរិកនោះទេ»។
នាយករដ្ឋមន្រ្តីឥណ្ឌាដដែល បន្តថា៖ «ខ្ញុំគិតថា ជំហររបស់ឥណ្ឌាត្រូវបានគេស្គាល់ និងយល់យ៉ាងច្បាស់នៅលើពិភពលោកទាំងមូល។ ពិភពលោកមានទំនុកចិត្តពេញលេញថា អាទិភាពកំពូលរបស់ឥណ្ឌាគឺសន្តិភាព»។
ទោះបីជាយ៉ាងណាក៏ដោយ មិនថាគោលនយោបាយការបរទេសមួយចំនួនមិនស៊ីគ្នាក្ដី ក្រុមមន្ត្រីអាមេរិកនៅតែមើលឃើញថា ប្រទេសឥណ្ឌាមានសក្ដានុពលខ្ពស់ ដែលអាចការពារផលប្រយោជន៍របស់ខ្លួន និងអាចរួមចំណែករក្សាសន្តិសុខក្នុងតំបន់នៅឥណ្ឌូប៉ាស៊ីហ្វិក ដែលជាការល្អសម្រាប់សហរដ្ឋអាមេរិក ខណៈមានការលើកឡើងពីបញ្ហាសិទ្ធិមនុស្សក្នុងស្រុករបស់ឥណ្ឌា រាប់តាំងពីបញ្ហាសាសនា សេរីភាពសារព័ត៌មាន និងបណ្ដាញសង្គម និងការធ្វើទុក្ខបុកម្នេញអង្គការសង្គមស៊ីវិលជាដើម៕ ដោយ ហួន ឌីណា
ប្រភព៖ Modi visits US to deepen ties, says no doubting India’s position on Ukraine
India’s Modi is on a landmark visit to the U.S. Here’s what to expect