អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអធិការដ្ឋាន ស្នងការដ្ឋានរាជធានីភ្នំពេញធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋឲ្យបានលឿន ខណៈដែលការបោះឆ្នោតបានខិតជិតមកដល់

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានជំរុញឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណ ហួសសុពលភាព បញ្ជូនទៅអធិការខណ្ឌ និងអភិបាលខណ្ឌទាំង១៤ ដើម្បីសាវជ្រាវធ្វើអត្តសញ្ញាណប័ណ្ណទាំងនេះជូនពួកគាត់ឡើងវិញ ។ ចំពោះការធ្វើអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពនេះ បើធ្វើមិនទាន់មុនពេលបោះឆ្នោតទេ សូមស្នើឲ្យអាជ្ញាធរខណ្ឌទាំង១៤ ណែនាំទៅសង្កាត់ ដើម្បីធ្វើលិខិតបញ្ជាក់ អត្តសញ្ញាណសម្រាប់ការបោះឆ្នោតជូនពួកគាត់ មានន័យថា នៅពេលដែលអត្តសញ្ញាណប័ណ្ណធ្វើមិនបានរួចរាល់ តែពួកគាត់នៅតែអាចបោះឆ្នោតបាន ។

ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើលិខិត ដើម្បីរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលមានកូនអាយុ១៥ឆ្នាំហើយ ត្រូវនាំកូនទៅធ្វើអត្តសញ្ញាណប័ណ្ណ កុំចាំពេលដែលត្រូវការទើបសម្រុកទៅធ្វើអត្តសញ្ញាណប័ណ្ណនោះ។
បើតាមស្នងការរងរាជធានីភ្នំពេញបានឲ្យដឹងថា គិតពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០២៣នេះ យើងបានផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ចំនួនជាង១លាន៦ម៉ឺនសន្លឹក។ តាមទិន្នន័យដែលអាចព្យាករណ៍បាន នៅឆ្នាំ២០២៤ អត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋនៅភ្នំពេញ ដែលអស់សុពលភាពមានចំនួន ១៣២១០៣សន្លឹក នៅឆ្នាំ២០២៥ អត្តសញ្ញាណប័ណ្ណអស់សុពលភាព ចំនួន ៣៤៩២១៨សន្លឹក នៅឆ្នាំ២០២៦ អត្តសញ្ញាណប័ណ្ណអស់សុពលភាព ចំនួន ២៧៦៧៦២ សន្លឹក និងនៅឆ្នាំ២០២៧ អត្តសញ្ញាណប័ណ្ណអស់សុពលភាព ចំនួន ២៧៤៣៦សន្លឹក ៕

ដោយ ថេត វិចិត្រ +ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner