ឯកឧត្តមបណ្ឌិត ម៉ឹង មករា ៖ គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ និងមានសក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង ដឹកនាំ រក្សានូវសុខសន្តិភាព និងការអភិវឌ្ឍជាតិ
ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលជាមួយអតីតសកម្មជនគណបក្សប្រឆាំងមកពី ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន ៧១នាក់ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបញ្ជាក់ថា ៖ គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ និងមានសក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង ដឹកនាំ រក្សានូវសុខសន្តិភាព និងការអភិវឌ្ឍជាតិ ។
ឯកឧត្តមបណ្ឌិត ម៉ឹង មករា បន្តថា រាជរដ្ឋាភិបាល កម្ពុជា តាមរយៈគោលនយោបាយគណបក្សប្រជាជនកម្ពុជា ដែលបានទទួលសម្លេងគាំទ្រដ៏ច្រើនលើសលុប ក្នុងការបោះឆ្នោតជាច្រើនអាណត្តិ ដោយមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ជានាយករដ្ឋមន្ត្រី ប្រជាជនរស់នៅក្នុងសុខសន្តិភាព និងប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនទៅមុខ ជាលំដាប់។
សូមបញ្ជាក់់ថា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាពេលកន្លងមកក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានរួមចំណែកចុះជួយប្រជាពលរដ្ឋ មានដូចជា៖ ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើលម្អសងខាងផ្លូវ ព្រមទាំងការងារសេដ្ឋកិច្ចសង្គម រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជាសសរស្ដមសេដ្ឋកិច្ចជាតិដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ៕ ដោយ / គ្រី សម្បត្តិ