រលកកម្តៅ និងភ្ញៀងធ្លាក់ខ្លាំង ត្រូវបានព្យាករណ៍ថា នឹងកើតមានទូទាំងប្រទេសជប៉ុនរហូតដល់ខែកញ្ញា ខាងមុខ

តូក្យូ៖ តំបន់ភាគខាងលិច និងភាគខាងកើតនៃប្រទេសជប៉ុន ត្រូវបានគេព្យាករណ៍ថា នឹងទទួលរងនូវការធ្លាក់ភ្លៀងខ្លាំង និងរលកកំដៅដ៏ខ្ពស់ ចាប់ពីខែកក្កដា ដល់ខែកញ្ញាខាងមុខនេះ។

ទីភ្នាក់ងារឧតុនិយមជប៉ុន នៅថ្ងៃអង្គារនេះ បានព្រមានអំពីភ្លៀងធ្លាក់ខ្លាំងដែលអាចកើតមាន និងរលកកំដៅដ៏ខ្ពស់នៅតំបន់ភាគខាងលិច និងភាគខាងកើតនៃប្រទេសជប៉ុន ចាប់ពីខែកក្កដា ដល់ខែកញ្ញាខាងមុខ ដោយសារតែប្រព័ន្ធសម្ពាធខ្ពស់ហក់ឡើងខ្លាំងនៅតំបន់ប៉ាស៊ីហ្វិក។

យោងតាមការព្យាករណ៍រយៈពេលបីខែ គិតត្រឹមខែកញ្ញា ដែលចេញផ្សាយដោយទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានឱ្យដឹងថា រលកកម្តៅដ៏ខ្ពស់ដោយសារបាតុភូតអាកាសធាតុ El Nino និងការកើនឡើងកំដៅភពផែនដី នឹងនាំឱ្យសីតុណ្ហភាពក្នុងរដូវក្តៅអាក្រក់ខ្លាំងនៅភាគខាងកើត និងភាគខាងលិចប្រទេសជប៉ុន ក៏ដូចជានៅតំបន់ភាគនិរតីនៃតំបន់អូគីណាវ៉ា និងតំបន់អាម៉ាមី។

រដូវវស្សារបស់ប្រទេសជប៉ុន ជាធម្មតាមានរយៈពេលរហូតដល់ចុងខែកក្កដាខាងមុខ នៅក្នុងតំបន់ភាគច្រើន។ ស្របពេលជាមួយគ្នានេះដែរ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់នៅទូទាំងប្រទេសជប៉ុន ដែលភាគច្រើនមានកម្រិតមធ្យម នៅចន្លោះខែសីហា និងខែកញ្ញាខាងមុខនេះ៕

ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ads banner