អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានិងសាកលវិទ្យាល័យធំៗចំនួនពីរចុះអនុស្សរណៈយោគយល់គ្នាសម្រាប់ការផ្សព្វផ្សាយនិងការអប់រំ សមិទ្ធផល កេរដំណែលរបស់អ.វ.ត.ក.រយៈពេល១៥ឆ្នាំកន្លងមក
ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) សាកលវិទ្យាល័យជាតិបាត់ដំបង និងភាពជាដៃគូសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ (Southeast Asian University Partnership-SAUP) របស់អង្គការ GIZ/CPS បានចុះអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ការផ្សព្វផ្សាយ និងការអប់រំសិមិទ្ធផលនិងកេរដំណែលរបស់អ.វ.ត.ក. ដែលសម្រេចបានក្នុងរយៈពេលជាង១៥ឆ្នាំកន្លងមកនេះ ក្នុងវិស័យឧត្តមសិក្សា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ.វ.ត.ក.បានឱ្យដឹងថា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបណ្ណាល័យរបស់អ.វ.ត.ក. ពិធីចុះហត្ថលេខាទៅលើអនុស្សរណៈនៃការយោគយល់គ្នាត្រូវបានធ្វើឡើងរវាងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតំណាងដោយ ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃអ.វ.ត.ក.សាកលវិទ្យាល័យជាតិបាត់ដំបង តំណាងដោយឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ និងភាពជាដៃគូសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍(SAUP) របស់អង្គការ GIZ/CPS តំណាងដោយលោកស្រី Sadie O’ Mahoney អ្នកសម្របសម្រួលកម្មវិធីថ្នាក់តំបន់(កម្ពុជា ហ្វីលីពីន និងទីម័រខាងកើត)។
គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នាខាងលើ គឺផ្តោតសំខាន់លើការផ្សព្វផ្សាយ ការអប់រំនិងការសិក្សាស្រាវជ្រាវ ដើម្បី (១)លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានស្តីពីដំណើរការកាត់សេចក្តីសិមិទ្ធផលនិងកេរដំណែលរបស់អ.វ.ត.ក ក្នុងវិស័យឧត្តមសិក្សា, (២) ជួយអភិវឌ្ឍនិងលើកកម្ពស់កម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាផ្នែកវិទ្យាសាស្ត្រសង្គមរួមទាំងការសិក្សាអំពីសន្តិភាពនិងក្រោយជម្លោះ, (៣) សហការនិងសម្របសម្រួលក្នុងការបង្កើតវិធីសាស្ដ្របង្រៀន និងឧបករណ៍សិក្សាសម្រាប់គ្រូបង្រៀន អ្នកសិក្សា និងអ្នកស្រាវជ្រាវក្នុងវិស័យខាងលើ, និង ៤)លើកទឹកចិត្តក្នុងការផ្លាស់ប្តូរទស្សនកិច្ចសិក្សា កម្មសិក្សា និងឱកាសសិក្សាផ្សេងៗទៀតក្នុងកម្មវិធីសិក្សារបស់និស្សិតថ្នាក់ឧត្ដមសិក្សា និងថ្នាក់ក្រោយឧត្តមសិក្សាផ្នែកសិក្សាអំពីសន្តិភាព និងក្រោយជម្លោះ ការស្រាវជ្រាវថ្នាក់មហាវិទ្យាល័យ និងសាស្ត្រាចារ្យដែលអនុវត្តការបង្រៀន។
ក្នុងឱកាសនេះឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទី អ.វ.ត.ក. បានមានប្រសាសន៍ថា៖ អនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខានេះគឺជាការចូលរួមអនុវត្តមុខងារសេសសល់របស់អ.វ.ត.ក.ដែលរាជរដ្ឋាភិបាលកម្ពុជានិងអង្គការសហប្រជាជាតិ បានឯកភាពគ្នាលើ «កិច្ចព្រមព្រៀងបន្ថែមស្តីពីការរៀបចំក្នុងពេលអន្តរកាលនិងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ» សម្រាប់រយៈពេល៣ឆ្នាំបន្ថែមគឺពីឆ្នាំ២០២៣ដល់២០២៥ ដែលរួមមាន៖ (ក) ការងារគតិយុត្តមួយចំនួនរួមទាំងការគ្រប់គ្រង និងការផ្សព្វផ្សាយបណ្ណសារស្តីពីសំណុំរឿងរបស់អ.វ.ត.ក. ឱ្យបានទូលំទូលាយ (ខ) ការអប់រំ និងការផ្សព្វផ្សាយស្តីពីសមិទ្ធផលនិងកេរដំណែលរបស់អ.វ.ត.ក. និងការពិនិត្យតាមដានការអនុវត្តសំណង ដែលមានលក្ខណះផ្លូវចិត្ត និងសមូហភាពដល់ដើមបណ្តឹងរដ្ឋប្បវេណី»។
ក្នុងព្រឹត្តិការណ៍នេះដែរ ទាំងឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោកស្រី Sadie O’ Mahoney បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយសាលាក្តីខ្មែរក្រហមលើការងារអប់រំនិងការសិក្សាស្រាវជ្រាវនេះ។
សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នារវាងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានិងសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ (SAUP) របស់អង្គការ GIZ/CPS ជាអនុស្សរណៈទី២ ដែលសាលាក្តីខ្មែរក្រហមបានចុះហត្ថលេខាជាមួយដៃគូ។ អនុស្សរណៈទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងអប់រំប្រវត្តិសាស្ត្រ នៃរបបកម្ពុជាប្រជាធិបតេយ្យត្រូវដែលបានចុះហត្ថលេខានៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ត្រូវបានកំណត់ និងដាក់ចេញក្នុងគម្រោងមួយចំនួនរួមមាន៖ ទី១៖ មេរៀនស្តីពី អ.វ.ត.ក. ត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាក្នុងមុខវិជ្ជាសិក្សា ស្ដីអំពីការសិក្សាសន្តិភាព និងក្រោយជម្លោះ។ ទី២៖ វិធីសាស្រ្តសិក្សាតាមបែបការចូលរួម និងមធ្យោបាយលើផ្នែកយុត្តិធម៌អន្តរកាល នឹងត្រូវបានបង្កើតឡើង។ ទី៣៖ សមត្ថភាពសម្រាប់ប្រភពចម្បង និងការស្រាវជ្រាវលើផ្នែកបណ្ណសារអំពីប្រវត្តិសាស្ត្រខ្មែរក្រហម នឹងត្រូវបានបង្កើតឡើងនិង ទី៤៖ បទពិសោធសិក្សាក្រៅថ្នាក់រៀនស្ដីពីយុត្តិធម៌អន្តរកាល ត្រូវបានសម្របសម្រួលនិងអនុវត្ត៕
ដោយ៖ ដេប៉ូ