ឯកឧត្តម ចាយ បូរិន ដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា ចុះសួរសុខទុក្ខ ឯកឧត្តម ឆាយ សារ៉េត ដល់គេហដ្ឋាន នៅខេត្តបាត់ដំបង
បាត់ដំបង ៖ ប្រតិភូផ្នែកឃោសនាអប់រំ ដឹកនាំដោយ ឯកឧត្តម ចាយ បូរិន តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញទៅសួរសុខទុក្ខ ឯកឧត្តម ឆាយ សារ៉េត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល ដល់គេហដ្ឋាននៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ឯកឧត្តម ឆាយ សារ៉េត និងគ្រួសារ បង្ហាញនូវក្តីរំភើបរីករាយយ៉ាងខ្លាំង ហើយសូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ ចាត់តាំងតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខរូបឯកឧត្តម និងក្រុមគ្រួសារដល់លំនៅដ្ឋាន។
ឯកឧត្តម បានរៀបរាប់ពីប្រវត្តិការងារថា៖ ក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ បានចូលបម្រើការងារនៅខេត្តបាត់ដំបង ធ្វើជាប្រធានភូមិ អនុប្រធានឃុំ ក្រុមឃោសនាប្រដាប់អាវុធស្រុក អនុប្រធានយោធាស្រុកទទួលបន្ទុកនយោបាយ អនុប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ស្រុក ប្រធានចាត់តាំងស្រុកថ្មគោល អនុប្រធានត្រួតពិនិត្យខេត្ត ប្រធានប្រតិបត្តិការកសាងស្រុកបវេល ប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ស្រុកបវេល លេខាបក្សស្រុកថ្មគោល អនុប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្តបាត់ដំបង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងជាអភិបាលរងទី១ខេត្ត ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងជាអភិបាលរងទី១ខេត្ត អភិបាលខេត្តព្រៃវែង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បច្ចុប្បន្ន ជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល ៕
ដោយ ហេង សម្បត្តិ