លោកស្រី ពេជ ចន្ទមុន្នី ជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការយកចិត្តទុកដាក់លើសុខភាពភ្នែក
ភ្នំពេញ៖ លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការយកចិត្តទុកដាក់លើសុខភាពភ្នែក ខណៈនាពេលប្ចុប្បន្នតម្រូវការប្រើប្រាស់ភ្នែកកាន់តែប្រឈមខ្លាំង។
ការជំរុញនេះ ត្រូវបានធ្វើឡើងក្នុងឱកាសចុះពិនិត្យមើលការផលិតវីដេអូខ្លី ដើម្បីផ្តល់សារអប់រំផ្សព្វផ្សាយដល់សាធារណជន ជាពិសេសយុវជន និងកុមារ ឱ្យមានការយល់ដឹងពីសុខភាពនៃមន្ទីរពេទ្យព្រះអង្គឌួង កាលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។
សកម្មភាពផលិតវីដេអូនេះ គឺធ្វើឡើងក្រោមកិច្ចសហការ រវាងក្រសួងកិច្ចការនារី និងមន្ទីរពេទ្យអង្គឌួង ដោយមានការឧបត្ថម្ភពីអង្គការមូលនិធិហ្វ្រេដហូឡូ។
តាមរយៈក្រសួងកិច្ចការនារី លោកជំទាវ ពេជ ចន្ទមុន្នី បានលើកឡើងថា ការអប់រំផ្សព្វផ្សាយដល់សាធារណជន ជាពិសេសយុវជន និងកុមារ ឱ្យមានការយល់ដឹងអំពីសុខភាពភ្នែក រួមទាំងការថែទាំ បង្ការ និងស្វែងរកសេវាពិនិត្យ និងព្យាបាលភ្នែកឱ្យបានទាន់ពេលវេលាគឺជារឿងសំខាន់។ហេតុនេះតាមរយៈការផលិតវីដេអូខ្លីនេះ នឹងត្រូវចាក់ផ្សាយតាមវិទ្យុ ទូរទស្សន៍ បណ្តាញព័ត៌មានសង្គម និងវេបសាយរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ក្នុងការជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើសុខភាពភ្នែក។
លោកជំទាវបន្តថា ពិភពលោកកាន់តែទំនើប តម្រូវការប្រើប្រាស់ភ្នែកកាន់តែប្រឈមខ្លាំង ពន្លឺនៃគ្រឿងអេឡិចត្រូនិច បានធ្វើឱ្យប៉ះពាល់ដល់សុខភាពភ្នែករបស់មនុស្សគ្រប់គ្នា ជាពិសេសយុវជន និងកុមារ ដូចនេះ សូមស្រលាញ់ភ្នែករបស់អ្នក ដោយថែទាំ និងទៅរកសេវាព្យាបាលភ្នែកឱ្យទាន់ពេលវេលា ជាមួយគ្រូពេទ្យភ្នែក នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតអ្នកបំផុត។
លោកជំទាវ ពេជ្រ ចន្ទមុន្នី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ក្នុងការថែទាំសុខភាពភ្នែក និងប្រើប្រាស់ភ្នែកឱ្យបានត្រឹមត្រូវ ហើយប្រសិនបើមើលជិត រៀងរាល់ ២០នាទី ត្រូវក្រឡេកភ្នែកមើលឆ្ងាយឱ្យបាន២០ វិនាទី។
យោងតាមរបាយការណ៍នៃការអង្កេតរហ័សថ្នាក់ជាតិលើភាពពិការភ្នែកដែលអាចចៀសវាងបាននៅកម្ពុជា ក្នុងឆ្នាំ២០១៩ (RAAB Survey 2019) បានបង្ហាញថា អត្រាប្រ៉េវ៉ាឡង់នៃភាពពិការភ្នែកមានប្រហែល ០.៣៧ភាគរយក្នុងចំណោមប្រជាជនទូទៅក្នុងប្រទេសកម្ពុជា ប៉ុន្តែជាង៩០ភាគរយនៃភាពពិការភ្នែកអាចបង្ការបាន។
របាយការណ៍ដដែល បានបញ្ជាក់ដែរថា មូលហេតុសំខាន់នៃគំហើញចុះខ្សោយ និងភាពពិការភ្នែកទាំងសងខាងគឺ ៨០.៤ភាគរយ ដោយជំងឺបាយភ្នែក និងជំងឺភ្នែកកំហុសកំណុំរូបភាព ដោយសារចំនួនមនុស្ស វ័យចាស់ និងអាយុកាលរំពឹងរស់មានការកើនឡើង និងការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលមិនបានត្រឹមត្រូវ។
សូមរម្លឹកផងដែរថា ក្រសួងសុខាភិបាលកម្ពុជា បានដាក់គោលដៅរបស់ខ្លួន ដោយប្តេជ្ញាកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃភាពពិការភ្នែកនៅកម្ពុជាឱ្យនៅត្រឹម ០,៣៥ភាគរយ នៅក្នុងឆ្នាំ២០៣០ ខាងមុខនេះ។
ជាមួយគ្នានេះ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នាឱកាសរៀបចំទិវាសុខភាពភ្នែកពិភពលោក (World Sight Day) កាលថ្ងៃទី១៣ ខែតុលា ២០២២ ក្រសួងសុខាភិបាលកម្ពុជា ក៏បានជំរុញឱ្យពលរដ្ឋបង្កើនការពារភ្នែក និងវិនិយោគលើសុខភាពភ្នែកជារឿងចម្បង ព្រោះតាមរយៈភ្នែក ធ្វើឱ្យយើងអាច ទទួលបាន ព័ត៌មាន និងចំណេះដឹងផ្សេងៗជុំវិញខ្លួនយើងពី ៨០ភាគរយ រហូតដល់ ៩០ភាគរយផងដែរ៕ ដោយ៖ បូរ ពេជ្រហ្សាលីន