ព្រឹទ្ធសភាបានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ
ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ ដោយមានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន៦០រូប។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន០២ដូចខាងក្រោម៖
របៀបវារៈទី១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ សេចក្តីព្រាងច្បាប់នេះ មានគោលបំណងសំខាន់គឺ ធានាឱ្យមានវិធាន និងនីតិវិធីច្បាស់លាស់ទាក់ទងទៅនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចការពារសិទ្ធិ និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ព្រមទាំងធានាឱ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់ការរៀបចំគ្រប់គ្រងស្ថិតិអត្រានុកូលដ្ឋាន និងបញ្ជីប្រជាជន ព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផងដែរ។
សេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលរៀបចំឡើងមិនត្រឹមតែអាចឆ្លើយតបក្នុងការដោះស្រាយបញ្ហាដែលបានជួបប្រទះក្នុងពេលអនុវត្តជាក់ស្តែងកន្លងមកប៉ុណ្ណោះនោះទេ គឺធានាបាននូវតម្លាភាពក្នុងការផ្តល់សេវា និងបានរៀបចំបទប្បញ្ញតិ្តដែលមានលក្ខណៈទំនើបកម្មស្របតាមការរីកចម្រើននៅក្នុងសង្គម ព្រមទាំងបានរៀបចំដោយព្យាករណ៍ទុកជាមុនរួចស្រេចទាក់ទងនឹងការបន្តរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថលនាថ្ងៃអនាគតផងដែរ។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន១២ជំពូក និង ១៨២មាត្រា ត្រូវបានរដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន១០០សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦។
ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន០៣រូប បានឡើងមានយោបល់រួចមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ។ សេចក្តីព្រាងច្បាប់នេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗគឺ៖
-កំណត់គោលការណ៍នៃវិធានដើមកំណើតទំនិញក្រោម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជ-កម្ម ដើម្បីបំពេញបានតាមការសន្យារបស់កម្ពុជា ជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងដោយអនុលោមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិនានា
-ដើម្បីជំរុញ និងសម្រួលពាណិជ្ជកម្ម និង
-ទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ជាពិសេសដើមកំណើតទំនិញកម្ពុជា។
សេចក្តីព្រាងច្បាប់នេះ គឺជាឧបករណ៍គតិយុត្តដែលមានលក្ខណៈពេញលេញ និងគ្រប់ជ្រុង-ជ្រោយ ដែលជាចំណែកមួយដ៏សំខាន់ក្នុងការ៖
-កំណត់អំពីគោលការណ៍ និងវិធានដើមកំណើតទំនិញ ទាំងវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដែលបច្ចុប្បន្ន កម្ពុជាពុំទាន់មានច្បាប់ចែងដោយឡែក អំពីវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធនៅឡើយទេ ក្រៅពីការអនុវត្តផ្នែកនេះតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក។
-ផ្តល់ជាមូលដ្ឋានច្បាប់ច្បាស់លាស់ដល់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសក្រសួងពាណិជ្ជ-កម្ម ដែលទទួលបន្ទុកចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាសេនាធិការទទួលបន្ទុកលើការទទួលសំអាងដើមកំណើតទំនិញ ក្នុងការអនុវត្តការងារទាក់ទងនឹងវិធានដើមកំណើតទំនិញ។
-ជួយឱ្យកម្ពុជាអាចបំពេញបាននូវការសន្យារបស់ខ្លួន ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក។
-ជួយជំរុញ និងសម្រួលពាណិជ្ជកម្មដល់វិស័យឯកជន ជាពិសេសការនាំចេញទំនិញរបស់កម្ពុជា ដែលទទួលបានការអនុគ្រោះពន្ធពីប្រទេសនាំចូល ដែលផ្តល់ភាពអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា និងក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជា សមាជិក។
-ចូលរួមបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ដែលអាចជួយធានាថា ទំនិញនាំចេញពីកម្ពុជា គឺមានដើមកំណើតនៅកម្ពុជា ហើយអនុលោមតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម។
-តាមរយៈយន្តការនានាក្នុងច្បាប់នេះនឹងជួយឱ្យកម្ពុជារក្សាបាននូវផលប្រយោជន៍សេដ្ឋ-កិច្ច ដែលទទួលបានពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក រួមទាំងអាចជួយកៀរគរចំណូលថវិកាជាតិ។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន៩ជំពូក និង ៣៥មាត្រា ត្រូវបានរដ្ឋសភា នៃព្រះ-រាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន៩៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ។
ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន០១រូប បានឡើងមានយោបល់រួចមក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា