អូស្ត្រាលីនិយាយថាធ្វីតធ័រគឺជាកំពូលវេទិកាសម្រាប់ការវាយប្រហារតាមអ៊ីនធឺណិតនិងទាមទារឱ្យមានការបកស្រាយ
កង់បេរ៉ា៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២២ ខែមិថុនានេះ និយតករអ៊ីនធឺណិតអូស្ត្រាលីម្នាក់ បាននិយាយថាខ្លួនបានទាមទារឱ្យ ធ្វីតធ័រ(Twitter) ធ្វើការពន្យល់អំពីដំណោះស្រាយពាក់ព័ន្ធនឹងការវាយប្រហារតាមអ៊ីនធឺណិត ដោយសារតែ បណ្តាញសសង្គមមួយនេះ បានក្លាយជាមុខព្រួញនៃការត្អូញត្អែរបំផុត ចាប់តាំងពីម្ចាស់ថ្មី មហាសេដ្ឋី អេឡុន ម៉ាស់(Elon Musk) បានដកបម្រាមលើគណនីចំនួន ៦២ ០០០គណនី។
ការទាមទារនេះបង្កើតឡើង តាមរយៈយុទ្ធនាការមួយដោយស្នងការ eSafety ដើម្បី ឱ្យបណ្តាញសង្គមនេះ មានទំនួលខុសត្រូវខ្ពស់ក្រោយលោក Musk ដែលជាមហសេដ្ឋីទី១ របស់ពិភពលោកនាពេលបច្ចុប្បន្ននេះបានទិញយកក្នុងតម្លៃ ៤៤ ពាន់លានដុល្លារអាមេរិក កាលពីខែតុលា ឆ្នាំ ២០២២ ដោយភ្ជាប់ជាមួយនឹងពាក្យសន្យាថានឹងស្ដារឡើងវិញនូវសិទ្ធិក្នុងការបញ្ចេញមតិដោយសេរី។
និយតករ eSafety បានអំពាវនាវ ឱ្យ Twitter លម្អិតអំពីដំណោះស្រាយចំពោះ ការរំលោភបំពានតាមអ៊ីនធឺណិតលើកុមារ ដែលវាកើតឡើង ចាប់តាំងពីការកាន់កាប់របស់លោក Musk រួមទាំងការបាត់បង់ឱកាសការងារជាបន្តបន្ទាប់ និងតួនាទីសម្របសម្រួលមាតិកាផងដែរ។
ស្នងការអូស្ត្រាលីលោកស្រី Julie Inman Grant បាននិយាយថា ខ្លួនបានផ្ញើសេចក្តីជូនដំណឹងផ្លូវច្បាប់ទៅកាន់ Twitter ដើម្បីទាមទារការពន្យល់មួយ បន្ទាប់ពីមួយភាគបីនៃពាក្យបណ្តឹងដែលខ្លួនទទួលបានគឺការប្រមាថ ឬវាយប្រហារតាមអ៊ីនធឺណិតទាក់ទងនឹង Twitter បើទោះបីជាវេទិកាបណ្តាញសង្គមមួយនេះមានអ្នកប្រើប្រាស់តិចជាង TikTok ឬ Facebook និង Instagram របស់ក្រុមហ៊ុន Meta ក៏ដោយ។
លោកស្រី Inman Grant បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «Twitter ហាក់ដូចជាបានទម្លាក់កូនបាល់លើដំណើរការនៃការដោះស្រាយភាពបញ្ហា»។
ការថ្លែងដូច្នេះ កើតឡើងក្រោយការកត់សម្គាល់ឃើញថា វេទិកានេះត្រូវបាន អនុញ្ញាត្តឱ្យគណនីដែលធ្លាប់ហាមឃាត់ចំនួន ៦២ ០០០ ដំណើរការឡើងវិញចាប់តាំងពីការកាន់កាប់របស់លោក Elon Musk មក។
លោកស្រីសង្កត់ធ្ងន់ថា៖ «យើងត្រូវការការទទួលខុសត្រូវចំពោះបណ្តាញសង្គម ហើយសកម្មភាពទាំងនេះ ដើម្បីការពារអ្នកប្រើប្រាស់។ អ្នកមិនអាចទទួលខុសដោយគ្មានតម្លាភាពដូច្នេះទេ»។
Twitter ត្រូវតែឆ្លើយតបទៅស្នងការ eSafety ក្នុងរយៈពេល ២៨ ថ្ងៃ ឬប្រឈមនឹងការផាកពិន័យជិត ៧០០០០០ដុល្លារអូស្ត្រាលីក្នុងមួយថ្ងៃ។
ចំណែក Twitter បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីនោះទេនៅពេលសារព័ត៌មានរ៉យទ័រទាក់ទងទៅ។
គួរជម្រាបដែរថា ការទាមទារនេះកើតឡើងចំពេលដែលប្រទេសអូស្ត្រាលីខិតជិតដល់ការបោះឆ្នោត
ប្រជាមតិនៅឆ្នាំនេះ ស្តីពីការទទួលស្គាល់ជនជាតិដើមភាគតិចនៅក្នុងរដ្ឋធម្មនុញ្ញ ដែលវាជំរុញឱ្យមានការជជែកវែកញែកកាន់តែខ្លាំងឡើងអំពីបញ្ហាពូជសាសន៍។
ស្នងការខាងលើនេះបានកត់សម្គាល់ទៀតថា ពិធីករទូរទស្សន៍ជនជាតិដើមភាគតិចដ៏ល្បីល្បាញលោក Stan Grant ក៏បានលើកឡើងពីការរំលោភបំពានលើ Twitter ពេលដែលគាត់បានប្រកាសពីការផ្អាកប្រើប្រាស់កម្មវិធីបណ្តាញសង្គមកាលពីខែមុន។
ពិធីករទូរទស្សន៍ជនជាតិដើមភាគតិចនេះ បានបញ្ជាក់កាលពីខែមុនថា ខ្លួនក៏នឹងផ្អាកប្រើប្រាស់ Twitter ដែរ ដោយសារតែការរើសអើងជាតិសាសន៍ និងការមាក់ងាយដែលខ្លួនជួបប្រទះជារៀងរាល់ថ្ងៃនៅលើវេទិកា ឬបណ្តាញសង្គមនេះ៕
ដោយ៖ ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ Australia says Twitter is top platform for online hate, demands explanation