ផ្ទុះហ្គាសក្នុងភោជនីយដ្ឋានមួយនៅភាគពាយព្យនៃប្រទេសចិនសម្លាប់មនុស្ស ៣១ នាក់
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាងហោចណាស់ ៣១ នាក់ បានស្លាប់នៅពេលមានការផ្ទុះហ្គាសដែលធ្វើឱ្យឆេះពេញមួយភោជនីយដ្ឋានមួយកន្លែង ក្នុងទីក្រុង Yinchuan ភាគពាយ័ព្យនៃប្រទេសចិន។
ស៊ីនហួ រាយការណ៍ដោយស្រង់សម្ដីគណៈកម្មាធិការបក្សកុម្មុយនិស្តប្រចាំតំបន់ ដែលនិយាយថា៖ «ការលេចធ្លាយហ្គាសបណ្តាលឱ្យមានការផ្ទុះ ក្នុងភោជនីយដ្ឋានសាច់អាំង» ឈ្មោះ Fuyang Barbecue Restaurant ក្នុងក្រុង Yinchuan ដែលជារដ្ឋធានីនៃតំបន់ស្វយ័ត Ningxia នៅម៉ោងប្រមាណ ៨ និង ៤០ នាទីល្ងាចថ្ងៃពុធ។
បើតាមស៊ីនហួ ការផ្ទុះនេះ បានធ្វើឱ្យមនុស្សប្រាំពីរនាក់ទៀត រងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដោយមានម្នាក់ក្នុងចំណោមនោះ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។
ចំណែកឯទូរទស្សន៍ CCTV វិញ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ដូចគ្នាថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានស្នើសុំឱ្យមានកិច្ចខិតខំប្រឹងប្រែងក្នុងការព្យាបាលអ្នករបួស និង «មានការពង្រឹងការត្រួតពិនិត្យ និងការគ្រប់គ្រងសុវត្ថិភាពនៅក្នុងឧស្សាហកម្ម និងវិស័យសំខាន់ៗ ដើម្បីការពារជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនឱ្យមានប្រសិទ្ធភាព»។
ក្រសួងគ្រប់គ្រងគ្រាអាសន្នចិន បាននិយាយថា សេវាពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់ក្នុងតំបន់ បានបញ្ជូនកងកម្លាំងជាង ១០០ នាក់ និងរថយន្ត ២០ គ្រឿង ទៅកាន់កន្លែងកើតហេតុ បន្ទាប់ពីមានការផ្ទុះនេះ ហើយថាប្រតិបត្តិការជួយសង្គ្រោះបានបញ្ចប់ទៅនៅម៉ោងប្រហែលម៉ោងបួនទៀបភ្លឺនៃព្រឹកថ្ងៃព្រហស្បតិ៍។
គួរកត់សម្គាល់ថា ចិនបានប្រឈមមុខនឹងឧប្បត្តិហេតុដោយសារកង្វះសុវត្ថិភាពជាច្រើនលើកនៅឆ្នាំនេះ។ កាលពីខែកុម្ភៈ ការដួលរលំអណ្តូងរ៉ែធ្យូងថ្មនៅតំបន់ម៉ុងហ្គោលីខាងក្នុងរបស់ចិន បានសម្លាប់មនុស្សរាប់សិននាក់ ខណៈអគ្គិភ័យឆាបឆេះនៅមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងប៉េកាំងកាលពីខែមេសា បានស្លាប់មនុស្សយ៉ាងហោចណាស់ ២៩ នាក់៕
ប្រែសម្រួលដោយ៖ ហួន ឌីណា