ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត សម្រាប់អ្នកសារព័ត៌មានដំណាក់កាលទី២ ត្រូវបានធ្វើឡើង​នៅខេត្ត ឆ្នេរសមុទ្រ

អត្ថបទដោយ៖
CPA

ព្រះសីហនុ៖ ក្រសួង​ព័ត៌មាន​ និង​ស្ថាប័នពាក់ព័ន្ធ បាន​រៀបចំ​សិក្ខាសាលាស្តីពី «ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត សម្រាប់អ្នកសារព័ត៌មានដំណាក់កាលទី២»​​ នៅ​ខេ​ត្តព្រះសីហនុ ក្នុង​គោលបំណង​ដើ​ម្បីផ្តល់​ដល់មន្ត្រីទទួលបន្ទុកព័ត៌មាន និងអ្នកសារព័ត៌មាន​នូវការយ​ល់ដឹ​ង​បន្ថែម ស្តីពីបញ្ហាប្រឈម និងការងារចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។

នេះជាការ​ថ្លែ​ងឡើង​​របស់​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន ​ក្នុងសិក្ខាសាលានេះ​​ដែ​ល​ប្រារព្ធឡើង​​​ចាប់ពីថ្ងៃទី២២​-២៣ ខែមិថុនា ឆ្នាំ​២០២៣ ដោយ​មានការចូលរួម​ពី​មន្រ្តី​ក្រសួងព័ត៌មាន មន្ត្រីមន្ទីរព័ត៌មានរាជធានី-ខេត្ត ទាំង២៥ អ្នកសារព័ត៌មាន និងមន្ត្រីទទួលបន្ទុកព័​ត៌មាន នៃប្រទេសបណ្តាប្រទេសមេគង្គ-ឡានឆាង និងភាគីពាក់ព័ន្ធ សរុបចំនួន ២៧០ រូប។​​

​​​ឯកឧត្តមមានប្រសាសន៍ថា ​សិក្ខាសាលានេះ​ ធ្វើ​ឡើង​ដើម្បីផ្តល់ជូន​មន្ត្រីទ​ទួលបន្ទុកព័ត៌មាន និងអ្នកសារព័​ត៌មាន​នូវការយល់ដឹងបន្ថែម​ពីបញ្ហាប្រឈម និងការងារចូលរួមប្រ​យុ​ទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ក៏ដូចជា​ការទទួលបានបទពិសោធន៍ថ្មីៗ ដើម្បីជាពុទ្ធិផង និងជាធាតុចូលផ​ង ក្នុងការបំពេញលើការងារជំនាញក្នុងវិស័យព័ត៌មាន និងការកសាងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធចាំ​បាច់ ដើម្បីប្រយុទ្ធប្រឆាំង ព័ត៌មានមិនពិត ឬដំណឹងក្លែងក្លាយ​។​

ក្នុង​សិក្ខាសាលានេះ ក៏​​មានការធ្វើបទបង្ហាញស្តីពី អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងបរិបទនៃសម័យឌីជីថល,ការងារផ្ទៀងផ្ទាត់ព័ត៌មាន,ការបង្កើតបរិយាកាសសុវត្ថិភាពលើបណ្តាញផ្សព្វផ្សាយព័ត៌មាន​សង្គម ដែលធ្វើបទបង្ហាញដោយវាគ្មិនជាតិ និងអន្តរជាតិផងដែរ​។​

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានបន្ថែមថា ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ឬដំណឹងក្លែងក្លាយ គឺជានិន្នាការសកល ដែលបណ្តារដ្ឋនៅលើសកលលោក បាន​និងកំពុងយកចិត្តទុកដាក់ខ្ពស់ ​ពិសេស​ ការ
ប​ង្កើតយន្តការដោះស្រាយ និងការរិះរកមធ្យោបាយល្អៗ ដោយបូកបញ្ចូលទាំងបច្ចេកទេស បច្ចេកវិទ្យា និងការចូលរួមពីគ្រប់ភាគី រាប់ទាំងប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់បញ្ហានេះឱ្យមានប្រសិទ្ធភាព។ ​

នាឱកាសនោះដែរ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បាន​លើកឡើងដែរថា ជាការពិត​ ការប្រយុទ្ធ​ប្រឆំាងនឹង​ព័ត៌មាន​មិនពិត​ជាកិច្ច​ការ​ដែលមាន​សារៈសំខាន់​ ហើយ​ត្រូវ​ដើរទន្ទឹម​គ្នានឹង​ការរួម​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត និង​វឌ្ឍនភាព​ឆ្ពោះ​ទៅ​មុខ​នៃ​ការ​អភិវឌ្ឍសង្គម សេដ្ឋកិច្ច និង​នយោបាយ។

លោកបាន​បញ្ជាក់ថាខេត្តព្រះសីហនុ​នាពេល​កន្លង​មក ត្រូវ​បាន​រងនូវ​ភាពអយុត្តិធម៌​តាម​រយៈ​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិនពិត​ក្នុងរូបភាព​ផ្សេងៗជាច្រើន ដែល​គ្មាន​មូលដ្ឋាន​ពិតប្រាកដ ជាព័ត៌មាន​ប្រឌិត ចចាមអារ៉ាមប៉ះពាល់ដល់​កេរ្តិ៍ឈ្មោះ និង​ភាព​ទាក់ទាញ​របស់​ខេត្ត​នេះ​ក្នុង​ចំណោម​សាធារណជន ធុរជន វិនិយោគិន និង​ទេសចរជាតិ និង​អន្តរជាតិ។

​លោក ឡុង​ ឌីម៉ង់ ​ក៏បានបញ្ជាក់ដែរថា អ្នកសារព័ត៌មាន​ជាតិ និងអន្តរជាតិ​ ពិតជាតួអង្គយ៉ាងសំខាន់ និង​មិនអាច​ខ្វះ​បាន​ដែលអាចកំណត់​​ពីប្រភព​នៃព័ត៌មាន​ថាពិត ឬមិនពិត​ និងអាច​ចូលរួម​ចំណែក​ឆ្លើយ​តប ទប់​ស្កាត់​ការ​រីករាលដាលនៃព័ត៌មាន​មិនពិត​ទាំងនោះ ដែលនាំ​ឱ្យ​ប៉ះពាល់ដល់មុខមាត់ និង​ផលប្រយោជន​របស់​ខេត្តទាំងមូល។

ឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល​ ក៏​បាន​លើកឡើងដែរថា ​​សិក្ខាសា​លា​​នេះ ​នឹងផ្តល់ឱកាសមួយផ្សេងទៀតដើម្បីអប់រំអ្នកសារព័ត៌មាន​ពីអ្វីដែលត្រូវបានចាត់ទុកថា ជាទង្វើនៃព័ត៌មានមិនពិត និងរបៀបដែល​ត្រូវ​ប្រយុទ្ធប្រឆាំងនឹងការផ្ស​ព្វផ្សា​យព័ត៌មានមិនពិត ដែល​មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អនុតំបន់មេគង្គ​ផងដែរ។

លោកមានប្រសាសន៍ថា ៖ «អ្នកសារព័ត៌មានត្រូវដឹងនូវ​គុណតម្លៃ​​ និង​សារៈសំខាន់នៃតួនាទីរបស់ខ្លួនឯង ​និង​​ចាំបាច់ត្រូវពង្រឹងគោលការណ៍នៃការគ្រប់គ្រងខ្លួនឯង។ ខ្ញុំនឹងមិននិយាយបន្ថែមទៀតទេ ព្រោះខ្ញុំនឹងទុ​កប្រធានបទដ៏រសើបនេះទៅកាន់អ្នកជំនាញដែលនឹងចែករំលែក​នៅពេលក្រោយ»៕ ដោយ៖ នាង សុគន្ធា

ads banner