ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញប្រគល់ពានរង្វាន់ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៣
ភ្នំពេញ ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២២ ខែមិថុន ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។
ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិ ឆ្នាំ២០២៣ គឺជាលើកទី២ ដែលក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ បានរៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់ក្មួយៗ ក្នុងការចែករំលែកមតិយោបល់ គំនិតឆ្នៃ ប្រឌិត ការសិក្សាស្រាវជ្រាវ វិភាគនិងស្វែងរកដំណោះស្រាយលើបញ្ហាសង្គម ក៏ដូចជាពង្រឹងសមត្ថភាពការសរសេរ ព្រមទាំងចូលរួមដល់ការលើកកម្ពស់ការយល់ដឹងពីសេវាប្រៃសណីយ៍ តាមរយៈការផ្ញើបញ្ញើប្រៃសណីយ៍ បញ្ញើឆាប់រហ័ស ដែលបានប្រើប្រាស់សម្រាប់ការដាក់ពាក្យចូលរួមផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា វិស័យប្រៃសណីយ៍ មានសក្តានុពលក្នុងការចូលរួមចំណែក ដល់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ដោយបានដើរតួនាទី សំខាន់ក្នុងការទំនាក់ទំនងគ្នាទាំងក្នុងទីក្រុង និងរហូតដល់ជនបទ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សេវាដឹកជញ្ជូនបញ្ញើ អាចត្រូវបានផ្តល់ប្រកបដោយប្រសិទ្ធភាព និងមានភាពងាយស្រួល ដោយសារមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តតភ្ជាប់ក្នុងប្រទេសនៅគ្រប់ទីកន្លែង ពីទីក្រុងដល់ជនបទ។
ឯកឧត្តម ជា វ៉ាន់ដេត បានកោតសរសើរ វាយតម្លៃខ្ពស់ និងសូមលើកទឹកចិត្តដល់ក្មួយៗជ័យលាភី ទាំងអស់ត្រូវខិតខំព្យាយាមរៀនសូត្របន្ថែមទៀត ដើម្បីឱ្យក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ។ ជាមួយគ្នានេះ ឯកឧត្តមជឿជាក់ថា ក្មួយៗពិតជាទទួលបានបទពិសោធន៍ល្អៗ តាមរយៈការចូលរួមការប្រកួតប្រជែងនេះ ដែលជួយដល់ការបង្កើនសមត្ថភាព ការយល់ដឹង ទំនុកចិត្ត និងការសម្រេចជោគជ័យក្នុងការសិក្សា ក៏ដូចជាការប្រកួត ប្រជែងដទៃទៀត ទាំងក្នុងស្រុក និងអន្តរជាតិ។
សូមបញ្ជាក់ថា ៖ កម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី២ឆ្នាំ២០២៣នេះ មានសិស្សានុសិស្សចូលរួមចំនួន ១០៥រូប មកពីសាលាចំនួន៨ មកពីតាមបណ្តារាជធានីខេត្ត ក្នុងនោះរួមមាន៖សម្រាប់រាជធានីភ្នំពេញ មានចំនួន៦សាលា៖ សាលាអន្តរជាតិ CIA FIRTS សាលាអន្តរជាតិ វើដកម្ពុជា សាលាប៊ែលធីអន្តរជាតិ សាលាអន្តរជាតិ ខេ ស៊ី អី. សាលាអន្តរជាតិ ហ្វូតព្រីន និងសាលាអន្តរជាតិ ជីនៀស។ តាមបណ្តាខេត្ត មាន២សាលា៖ សាលាអន្តរជាតិ អាយ ហ្សូ (ខេត្តសៀមរាប) និងសាលារៀនគ្រូយើង (ខេត្តស្ទឹងត្រែង)។ ជាមួយគ្នានេះ សិស្សដែលចូលរួមចំនួន ៨៥នាក់ មកពីរាជធានីភ្នំពេញ ៩នាក់មកពីខេត្តសៀមរាបនិង១១នាក់ មកពីខេត្តស្ទឹងត្រែង។សម្រាប់សិស្សក្នុងរាជធានីភ្នំពេញដែលចូលរួម ៖ សិស្សដែលបានដាក់ពាក្យប្រកួតប្រជែង ចំនួន៦០រូប មកពីសាលាអន្តរជាតិ CIA First ៕ ដោយ / គ្រី សម្បត្តិ