សីតុណ្ហភាពទីក្រុងប៉េកាំងកើនឡើងលើស ៤០អង្សាសេជាលើកដំបូង

ប៉េកាំង៖ ទីក្រុងប៉េកាំងបានដំឡើងការព្រមានរបស់ខ្លួន សម្រាប់អាកាសធាតុក្តៅ ទៅជាកម្រិតពណ៌ “ក្រហម” ដែលជាប្រព័ន្ធប្រកាសអាសន្នមានកូដពណ៌ខ្ពស់បំផុត ស្របពេលដែលទីតាំងជាច្រើននៃរដ្ឋធានីរបស់ប្រទេសចិននេះ មានសីតុណ្ហភាពរហូតដល់ ៤០អង្សារសេ។

សីតុណ្ហភាពនៅក្នុងទីក្រុងប៉េកាំង ហក់ឡើងដល់ ៤០អង្សាសេបន្ទាប់ពីម៉ោង១និង៣០នាទីរសៀលថ្ងៃសុក្រម្សិលមិញ (ម៉ោងក្នុងតំបន់) នេះបើយោងតាមក្រុមសង្កេតការណ៍ឧតុនិយមក្រុងប៉េកាំង។ លោក Zhang Yingxin ប្រធានអ្នកព្យាករណ៍នៃក្រុមសង្កេតការណ៍ឧតុនិយមក្រុងប៉េកាំង បាននិយាយថា នេះជាលើកដំបូងហើយ ចាប់តាំងពីកន្លែងសង្កេតការណ៍បានបង្កើតឡើង ដែលសីតុណ្ហភាពកើនឡើងលើសពី ៤០អង្សារសេ ត្រូវបានកត់ត្រាក្នុងរយៈពេលពីរថ្ងៃជាប់គ្នា។ កន្លែងសង្កេតការណ៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥១។

នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សីតុណ្ហភាពអតិបរិមាក្នុងទីក្រុងប៉េកាំងដែលមានមនុស្សជិត ២២លាននាក់បានកើនឡើងដល់ ៤១អង្សាសេ និងបំបែកកំណត់ត្រាក្តៅបំផុតសម្រាប់ខែមិថុនានេះ។ ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុមានបួនពណ៌ ដោយពណ៌ក្រហមជាកម្រិតធ្ងន់ធ្ងរបំផុត តាមពីក្រោយដោយពណ៌ទឹកក្រូច ពណ៌លឿង និងពណ៌ខៀវ។ ការជូនដំណឹងនៅកម្រិតពណ៌ក្រហមបានបង្ហាញថា សីតុណ្ហភាពត្រូវបានកំណត់កើនឡើងលើសពី ៤០អង្សាសេ ក្នុងរយៈពេល ២៤ម៉ោង។

រដ្ឋបាលឧតុនិយមចិនបាននិយាយថា ខ្លួនរំពឹងថា សីតុណ្ហភាពក្តៅខ្លាំងនឹងបន្តកើតមាននៅទូទាំងភាគខាងជើងរយៈពេល៨ទៅ១០ថ្ងៃ។ អាជ្ញាធរចិននៅថ្ងៃសុក្រនេះ ក៏បានព្រមានដែរថា សីតុណ្ហភាពក្តៅខ្លាំងអាចប៉ះពាល់ដល់សុខភាព រួមទាំងការកើនឡើងហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល និងបានណែនាំប្រជាជនឱ្យផឹកទឹកយ៉ាងហោចណាស់ ១.៥លីត្រជារៀងរាល់ថ្ងៃ និងបានរឹតត្បិតសកម្មភាពនៅក្រៅផ្ទះផងដែរ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner