វៀតណាម-កូរ៉េខាងត្បូងព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខទ្វេភាគី

ហាណូយ៖ កូរ៉េខាងត្បូង និងវៀតណាម បានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ដោយលើកឡើងពីការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយបានប្តេជ្ញាបង្កើនពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីផងដែរ។

នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសវៀតណាម ក្នុងនាមជាប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ូន សុកយ៉ុល បានទទួលស្គាល់ពីបញ្ហាសេដ្ឋកិច្ច ប៉ុន្តែបានរំលឹកឡើងវិញនូវតួនាទីសំខាន់របស់វៀតណាមសម្រាប់យុទ្ធសាស្ត្រជំរុញកំណើនសេដ្ឋកិច្ចរបស់ទីក្រុងសេអ៊ូល។ លោក យ៉ូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ១៧ ជាមួយប្រធានាធិបតីវៀតណាម លោក វ៉ូ វ៉ាន់ធឿង លើបញ្ហាមួយចំនួន ចាប់ពីធនធានរ៉ែសំខាន់ៗរហូតដល់ពលករវៀតណាមនៅកូរ៉េខាងត្បូង ហើយបាននិយាយថា ទីក្រុងសេអ៊ូលនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយទីក្រុងហាណូយ ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

លោក ធឿង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមថា វៀតណាមបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ ប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការជំរុញទំនាក់ទំនងឧស្សាហកម្មការពារជាតិ និងកិច្ចសហប្រតិបត្តិការសន្តិសុខនៅសមុទ្រចិនខាងត្បូងផងដែរ។

ចំណែកលោក យ៉ូន បាននិយាយថា ទោះបីជាបរិយាកាសធុរកិច្ចមានភាពលំបាកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ យើងត្រូវតែស្វែងរកឱកាសថ្មីៗនៅវៀតណាម ដែលជាមជ្ឈមណ្ឌលនៃការរៀបចំខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកឡើងវិញ និងទីផ្សារអ្នកប្រើប្រាស់ដែលកំពុងរីកចម្រើន។
គួរបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងកូរ៉េខាងត្បូង និងវៀតណាមបានធ្លាក់ចុះមួយភាគបួនក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ជាមួយនឹងការធ្លាក់ចុះជិត ៣០ភាគរយនៃការនាំចូលផលិតផលរបស់កូរ៉េខាងត្បូង៕ The Star ប្រភព៖ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner