ឯកឧត្តម ឡុង ប៊ុន្នី ៖ ប្រទេសកម្ពុជាក្លាយជាទឹកដីមួយដែលពោរពេញ ដោយសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនឥតឈប់ឈរ
ព្រៃវែង ៖ ឯកឧត្តម ឡុង ប៊ុន្នី បានមានប្រសាសន៍ថា ក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ ក្រោមម្លប់សនិ្តភាពពេញលេញ និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្ត យ៉ាងច្រើនឥតគណនា ដែលកើតឡើងពីការខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នាក្នុងការស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លិចបំផ្លាញ ញាំញីដោយសារភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ អស់ជាច្រើនទសវត្សឱ្យក្លាយជាទឹកដីមួយដែលពោរពេញ ដោយសុខសន្តិភាព ស្ថិរភាព និងមានការរីកចម្រើនឥតឈប់ឈរនិងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។
ការលើកឡើងរបស់ ឯកឧត្តម ឡុង ប៊ុន្នី សមាជិកគណ:កម្មការទី៤ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង តំណាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញដឹកនាំបេក្ខជនពេញសិទ្ធ និងបម្រុងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្រុងព្រៃវែងចំនួនជាង ៣០០នាក់។
ឯកឧត្តម ឡង ប៊ុន្នី ក៏បានលើកឡើងពីសមិទ្ធិផលថ្មីៗដ៏សំខាន់ផ្សេងទៀត ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននាំមកជូនជាតិ និងប្រជាពលរដ្ឋ ដូចជាជោគជ័យនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីជំងឺរាតត្បាតនេះ។ នៅក្នុងនោះក៏មានជោគជ័យរបស់សភាកម្ពុជា នៅក្នុងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា របស់រាជរដ្ឋាភិបាល និងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ប្រកបដោយមោទនភាពជាទីបំផុតនៅក្នុងប្រវត្តិសាស្រ្តដែលកម្ពុជាខកខានអស់រយៈពេល៦៤ឆ្នាំមកនេះ។ ពិសេសបានបង្ហាញឱ្យពិភពលោកឃើញថា “កម្ពុជាជាប្រទេសតូច តែមានបេះដូងធំទូលាយ”។ “កីឡារស់ក្នុងសន្តិភាព” យើងបានបង្ហាញឱ្យពិភពលោកឃើញថា “ការប្រកួតកីឡា គឺលើសពីការឈ្នះនិងចាញ់” កីឡាគឺបណ្តុះនូវស្មារតី មិត្តភាព សាមគ្គីភាព ក្នុងសហគមន៍។
ឯកឧត្តមក៏បានអំពាវនាវផងដែរឱ្យប្រជាពលរដ្ឋក្រុងព្រៃវែងក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសសូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ បន្តដឹកនាំប្រទេសដើម្បីសន្តិភាព និងការអភិវឌ្ឍ ៕ ដោយ ហេង សម្បត្តិ