ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ បង្ខិតសេវាសុខាភិបាល កាន់តែជិតមូលដ្ឋានផ្ទះប្រជាប្រជាពលរដ្ឋ
ខេត្តតាកែវ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មី នៃមណ្ឌលសុខភាពពត់ស ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារមូលដ្ឋានចុះជួយស្រុកបាទី បាននិងកំពុងបង្ខិតសេវាសុខាភិបាល កាន់តែនៅជិតមូលដ្ឋានផ្ទះបងប្អូនប្រជាប្រពលរដ្ឋនៅតាមបណ្តាឃុំ ស្រុក ។
ឯកឧត្តម រដ្ឋមន្រ្តីបន្តថា ជាក់ស្តែងមណ្ឌលសុខភាពពត់ស បាននិងកំពុងរួមចំណែកយ៉ាងសំខាន់នៅក្នុងការផ្តល់ការពិនិត្យព្យាបាល ពិសេសស្រ្តីពរពោះ និងអាចមកឆ្លងទន្លេដែលនៅជិតផ្ទះ ហើយការពិនិត្យប្រកដោយគុណភាព ស្របទៅតាមក្បួនខ្នាតរបស់ក្រសួងសុខាភិបាល ។
ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ក៏បានគូសបញ្ជាក់ផងដែរថា ក្រៅពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ តែងតែគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋជារឿងសំខាន់ ពិសេសបងប្អូនកូនក្មួយកម្មករ-កម្មការ ទៅលើការផ្តល់ការពិនិត្យព្យាបាលជំងឺមិនគិតថ្លៃ តាមរយៈមូលនិធិ ប ស ស ដែលឥឡូវនេះ មូលនិធិនេះបានពង្រីកទៅដល់ក្រុមគ្រួសារ អាណាព្យបាល ក៏អាចទទួលបានការព្យាបាលដោយមិនគិតថ្លៃ ដែលក្នុងនោះដែរក៏បានធ្វើការជួយឧបត្ថម្ភ សំរាប់គ្រួសារដែលមានហានិភ័យ ក្នុងស្ថានការណ៍ជំងឺកូវីដ១៩ រងគ្រោះដោយសារទឹកជំនន់ជាដើម ។
ឯកឧត្តម រដ្ឋមន្រ្តី ក៏បានថ្លែងការកោតសរសើរក៏ដូចជាអរគុណដល់សប្បុរសជន ដែលបានចូលរួមចំណែកនៅក្នុងការសាងសង់អគារមណ្ឌលសុខភាពនេះ រហូតដល់រួចរាល់ជាស្ថាពរ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់នេះ ។ ឯកឧត្តម ក៏បានជំរុញដល់ក្រុមគ្រូពេទ្យ មន្រ្តីសុខាភិបាល មណ្ឌលសុខភាពពត់ស ត្រូវបន្តផ្តល់ការពិនិត្យព្យាបាល ឱ្យបានល្អដូចពីមុន ដើម្បីបំរើការងារជូនប្រជាពលរដ្ឋ ដែលមករកសេវានៅទី នេះកាន់តែប្រសើរឡើង ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងស្រុកបាទី បញ្ចុប្បន្ននេះ មានមណ្ឌលសុខភាពចំនួន ១៣ ក្នុងនោះឃុំពត់ស ជាមណ្ឌលសុខភាពដែលធំជាងគេ ដែលនឹងធ្វើការផ្តល់ការពិនិត្យព្យាបាលជំងឺ និងឆ្លងទន្លេដល់ប្រជាពលរដ្ឋយ៉ាងល្អប្រសើរ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតពីក្រុមគ្រូពេទ្យ ៕
អត្ថបទ រូបភាព ង៉ាន់ ទិត្យ












