កម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” រដូវកាលទី១ បញ្ចប់ដោយជោគជ័យ
ភ្នំពេញ៖ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងក្រុមហ៊ុន META បានសហការរៀបចំពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាមដែលបានចូលរួមកម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” រដូវកាលទី១។
កម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” បានទទួលបេក្ខជនដាក់ស្នើពាក្យចូលរួមសរុប ៦០០នាក់។ បន្ទាប់ពីការសម្រិតសម្រាំងរួច បេក្ខជន ៥០នាក់ត្រូវបានជ្រើសរើសចូលរួមវគ្គបណ្ដុះបណ្ដាល នៅក្នុងរដូវកាលទី១នេះ។ វគ្គបណ្ដុះបណ្ដាល ៨សប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមទម្រង់ជាការសិក្សាអនឡាញ និងការសិក្សាក្នុងថ្នាក់រៀន ដែលក្នុងសប្ដាហ៍នីមួយៗ សិក្ខាកាមបានទទួលនូវការបង្រៀន និងពន្យល់យ៉ាងក្បោះក្បាយលើប្រធានបទល្អៗជាច្រើនពីសំណាក់គ្រូបណ្ដុះបណ្ដាលជំនាញទាំង៣រូប រួមមាន៖ កញ្ញា គង់ សុវណ្ណ, លោក សូ វណ្ណដាវីដ, និងលោក សួង សំរិត ដែលជាអ្នកគ្រប់គ្រងដំណោះស្រាយអតិថិជននៃក្រុមហ៊ុន Httpool។
ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាម ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានមានប្រសាសន៍ថា កម្មវិធីបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅដោយរលូន និង ទទួលលទ្ធផលដូចការរំពឹងទុក ដែលក្នុងនោះ ម្ចាស់ និង អ្នកគ្រប់គ្រងសហគ្រាសបានចាប់យកចំណេះដឹងសំខាន់ៗ គំនិតនវានុវត្តន៍ និង បទពិសោធន៍ជាក់ស្ដែងបន្ថែមពីសំណាក់អ្នកជំនាញផ្នែកទីផ្សារឌីជីថល។
ឯកឧត្តមបណ្ឌិតបន្តថា អ្វីដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ នឹងផ្ដល់ជាគុណប្រយោជន៍ដល់សហគ្រាសក្នុងការអនុវត្តកិច្ចដំណើរការអាជីវកម្មរបស់ខ្លួន ក៏ដូចជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលនៅកម្ពុជាផងដែរ។ នាឱកាសនោះដែរ លោកបណ្ឌិត ហេង ភក្ដី អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈនៃក្រុមហ៊ុន META បានថ្លែងមតិស្វាគមន៍ដោយគូសរំលេចពីសារៈសំខាន់នៃការបង្កើនជំនាញ និងចំណេះដឹងឌីជីថលសម្រាប់សគ្រាសកម្ពុជានៅក្នុងយុគ្គសម័យបច្ចេកវិទ្យាឌីជីថល។
លោកបណ្ឌិតក៏បន្តផ្ដល់ជាសំណូមពរ និងលើកទឹកចិត្តដល់សិក្ខាកាម ក្នុងការបន្តចាប់យក និងបំពាក់បំប៉នជំនាញ និង ចំណេះដឹងទីផ្សារឌីជីថលបន្ថែម តាមរយៈវគ្គបណ្ដុះបណ្ដាលផ្សេងៗទៀត ដើម្បីយកទៅពង្រីក និងប្រតិបត្តិដំណើរការអាជីវកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” រដូវកាលទី២ នឹងបើកដំណើរការទទួលពាក្យនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕ អត្ថបទ៖ ឈឹម ទីណា







