ឯកឧត្តមបណ្ឌិត ម៉ឹង មករា ៖ សូមប្រជាពលរដ្ឋចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅ ខែកក្កដា ខាងមុខនេះ ជាពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
កំពង់ចាម ៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជាពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ដើម្បីបន្តគាំទ្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី នៅអាណិតទី៧ ដើម្បីដឹកនាំរក្សាសុខសន្តិភាពនិងការអភិវឌ្ឍជាតិមាតុភូមិយើងឱ្យកាន់តែរីកចម្រើនជានិរន្តរ៍ ។
ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានលើកឡើងបែបនេះ ក្នុងឱកាស សម្ពោធដាក់ឲ្យប្រើប្រាស់ប្រឡាយទឹក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី នៅវត្តផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ។
គួររម្លឹកផងដែរថា ប្រជាកសិករចំនួន ៦៣៥គ្រួសារ នៅឃុំផ្តៅជុំ បានដាក់សំណើរតាមរយៈ ក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ជួយស្តារប្រឡាយទឹក ប្រវែង ១៤៥០ម៉ែត្រ ដើម្បីដោះស្រាយបញ្ហាទឹកប្រឈមដំណាំស្រូវ របស់ប្រជាពលកសិករក្នុងភូមិចំនួនបី នៅក្នុងតំបន់ខាងជើង នៃឃុំផ្តៅជុំ។
តបតាមសំណើររបស់ប្រជាកសិករ ក្រុមការងារជនបង្គោលបានបើកការដ្ឋានស្តារប្រឡាយទឹកនេះ រហូតបានរួចរាល់ជាស្ថាពរ ដែលប្រឡាយទឹកនេះ នឹងជួយសម្រួលដល់ការរំដោះទឹកជំនន់ នារដូវវស្សា កុំឲ្យជន់លិចដីស្រែ និងដំណាំស្រូវប្រជាកសិករទាំងបីភូមិ ហើយនារដូវប្រាំង ប្រឡាយនេះ ប្រើប្រាស់ជាផ្លូវនាំទឹក សម្រាប់ស្រោចស្រព្វដំណាំស្រូវប្រជាកសិករផងដែរ។
ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានដឹកនាំសកម្មភាពក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្រុមការងារជនបង្គោលចុះជួយស្រុកជើព្រៃ ដើម្បីពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋចំនួនជាង ២០០០នាក់ នៅក្នុងវត្តផ្តៅជុំ ឃុំផ្តៅជុំ ផងដែរ ។
សកម្មភាពចុះពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋដល់មូលដ្ឋាន សបញ្ជាក់ ឲ្យឃើញថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់បំផុតអំពីសុខភាពរបស់ប្រជាពលរដ្ឋ ព្រោះសុខភាពគឺជាកត្តាចំបងបំផុតដែលអាចឲ្យបុគ្គលម្នាក់ៗ មានលទ្ធភាពចូលរួមអភិវឌ្ឍន៍កិច្ចការងារសេដ្ឋកិច្ចសង្គម ជាពិសេសការជួយសេដ្ឋកិច្ចគ្រួសាររបស់ខ្លួនឲ្យមានភាពរីកចម្រើនទៅបាន លុះត្រាតែមានសុខភាពល្អ ៕ ដោយ / គ្រី សម្បត្តិ