សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំកម្មវិធីអបអរសាទរនៃការបើកច្រកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន
ភ្នំពេញ៖
សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំកម្មវិធីអបអរសាទរនៃការបើកច្រកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងភាគីឯកអគ្គរដ្ឋទូតប្រទេសហ្វីលីពីនប្រចាំកម្ពុជា ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការរៀបចំកម្មវិធីអបអរសាទរនៃការបើកច្រកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីនេះ ដោយសារតែកម្ពុជាបានសម្រេចការនាំចេញអង្ករចូលទៅក្នុងទីផ្សារប្រទេសហ្វីលីពីនជាលើកទី១ ក្នុងបរិមាណចំនួន ២ ៥៧៥ តោន ក្នុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។
សហព័ន្ធស្រូវអង្ករកម្ពុជាបញ្ជាក់ថា៖«ការនាំចេញអង្ករចូលទៅក្នុងទីផ្សារប្រទេសហ្វីលីពីនជាលើកទី១ នេះចាត់ទុកថាជាជោគ ជ័យមួយរបស់កម្ពុជាក្នុងការនាំចេញអង្ករចូលទីផ្សារថ្មី ហើយសូមបញ្ចាក់បន្ថែមដែរថាប្រទេសហ្វីលីពីនគឺជាប្រទេសដែលនាំចូលអង្ករ ប្រមាណជាង ៤ លានតោនជារៀងរាល់ឆ្នាំ» ។
គួររំឮកថា កាលពីដើមខែកុម្ភៈឆ្នាំ២០២៣ ប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធស្រូវអង្ករកម្ពុជា បានដំណើរទស្សនកិច្ចសិក្សាពីទីផ្សារអង្ករនៅប្រទេសហ្វីលីពីន ដោយនៅគ្រានោះភាគីទាំងពីរបានឯកភាពគ្នា និងធ្វើការសិក្សាពីលទ្ធភាពក្នុងការចុះអនុស្សរណៈយោគយល់គ្នាជាថ្មី ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ ក្រោមយន្តការរដ្ឋ និងរដ្ឋ ដែលសង្ឃឹមថានឹងចុះហត្ថលេខានាពេលឆាប់ៗខាងមុខផងដែរ។ នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ គណៈប្រតិភូកម្ពុជាបានជួបពិភាក្សាពីយន្តការ និងលក្ខខណ្ឌបច្ចេកទេស តម្លៃសម្រាប់ផ្គត់ផ្គង់ជាមួយបណ្តាក្រុមហ៊ុននាំចូលអង្កររបស់ហ្វីលីពីន ដែលជាលទ្ធផលបណ្តាក្រុមហ៊ុននាំចូលទាំងនោះមានការចាប់អារម្មណ៍លើគុណភាពអង្ករ និងមានបំណងនាំចូលអង្ករកម្ពុជា ទៅក្នុងទីផ្សារហ្វីលីពីន ផងដែរ។
លោក ចាន់ សុខឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ធ្លាប់បានបញ្ជាក់ប្រាប់ដែរថា ប្រទេសហ្វីលីពីនជាប្រទេសផលិតស្រូវ ហើយក៏ជាប្រទេសនាំចូលអង្ករដ៏ធំមួយនៅក្នុងតំបន់អាស៊ីផងដែរ ជាក់ស្តែងក្នុងឆ្នាំ២០២២ កន្លងទៅ ប្រទេសហ្វីលីពីន បាននាំចូលអង្ករចំនួន ៣,៨២លានតោន ពីប្រទេសនានា ដែលប្រភេទអង្ករភាគច្រើនបំផុតជាប្រភេទអង្ករសធម្មតា។
លោកបានបន្ថែមថា សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងសម្លឹងមើលយកចំណែកទីផ្សារហ្វីលីពីន ប្រមាណ១០ម៉ឺនតោន ខណៈដែលកន្លងទៅកម្ពុជាធ្លាប់សាកល្បងនាំចេញទៅហ្វីលីពីនបានប្រមាណតែ១០០តោនប៉ុណ្ណោះ នៅអំឡុងពេល២ឆ្នាំមុន។ ម្យ៉ាងវិញទៀត ទីផ្សារនេះមានភាពប្រកួតប្រជែងខ្លាំង ដោយសហព័ន្ធស្រូវកំពុងតែពិភាក្សាជាមួយក្រុមហ៊ុនដឹកជញ្ជូន ដើម្បីធ្វើយ៉ាងណា អាចកាត់បន្ថយថ្លៃដើមបានខ្លះ ដើម្បីជំរុញការនាំចេញទៅហ្វីលីពីន។
លោកបានបញ្ជាក់បន្ថែមថា៖«យើងកំពុងតែរកលទ្ធភាព ដែលយើងអាចនាំចេញទៅទីផ្សារហ្វីលីពីន ហើយសហព័ន្ធស្រូវអង្ករកំពុងតែស្វែងរកសក្តានុពលបន្ថែមទៀត ដើម្បីធ្វើយ៉ាងណានាំចេញឱ្យបាន១០ម៉ឺនតោននៅក្នុងឆ្នាំ២០២៣នេះ។ មូលហេតុដែលកន្លងមកយើងមិនបាននាំចេញទៅទីផ្សារហ្វីលីពីន ដោយសារតែទីផ្សារនេះមានការប្រកួតប្រជែងខ្លាំង សូម្បីតែថៃក៏នាំចូលទៅហ្វីលីពីនបានតិចដែរ»។
លោកបានបន្តថា ក្រោយពីសហព័ន្ធស្រូវអង្ករចាប់ផ្តើមពង្រឹង ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញ ឱ្យការដឹកជញ្ជូនមានភាពប្រកួតប្រជែងផងនោះ នេះជាពេលវេលាមួយដែលអង្ករកម្ពុជា ត្រូវក្រឡេកទៅមើលទីផ្សារហ្វីលីពីន ប៉ុន្តែស្ថិតនៅក្នុងកម្រិតទីផ្សារទំហំតូចនៅឡើយទេ៕
ដោយ:វណ្ណ សុជាតា