ក្រសួងវប្បធម៌ ណែនាំឱ្យទប់ស្កាត់ការផ្សព្វផ្សាយវីដេអូណាធ្វើឱ្យប៉ះពាល់ដល់ប្រពៃណីជាតិ តម្លៃស្ត្រីខ្មែរ និងកុមារ ភ្នំពេញ
ភ្នំពេញ៖
ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ បានណែនាំឱ្យទប់ស្កាត់ការផលិតការផ្សព្វផ្សាយ ឬការចែកចាយ ស្នាដៃវីដេអូ និងមាតិកាកម្សាន្ត (Entertainment Content) គ្រប់ទម្រង់ដែលមានផលប៉ះពាល់ចំពោះវប្បធម៌ ប្រពៃណីជាតិ ព្រមទាំងតម្លៃស្ត្រីខ្មែរ និងកុមារ ។
យោងសេចក្តីណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈចុះថ្ងៃទី ២០ ខែមិថុនា បានសង្កេតឃើញថា ថ្មីៗនេះមានអ្នកផលិតវីដេអូ អ្នកបង្កើត មាតិកាកម្សាន្ត (Entertainment Content) និងអ្នកសម្ដែងក្រៅប្រព័ន្ធតាមបណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានធ្វើការផលិតវីដេអូខ្លីៗ និងមាតិកាកម្សាន្ត ដែលមានរូបភាព និងខ្លឹមសារប្រាសចាកក្រមសីលធម៌ បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ពិសេសតម្លៃស្ត្រី និងកុមារ។
សេចក្តីណែនាំបន្តថា ដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ និងដើម្បីរក្សាបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូរ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ពិសេសការចូលរួមគោរពនិងលើកស្ទួយសិទ្ធិស្ត្រី និងកុមារ ក្រសួងវប្បធម៌ សូមធ្វើការណែនាំដល់អ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្ដ ព្រមទាំងអ្នកសម្តែងតាមប្រព័ន្ធតាមបណ្តាញទំនាក់ទំនងសង្គមទាំងអស់ បញ្ឈប់ជាបន្ទាន់នូវការផលិត ការផ្សព្វផ្សាយ ឬការ ចែកចាយស្នាដៃវីដេអូ និងមាតិកាកម្សាន្តដែលមានចរិតលក្ខណៈអាសអាភាស ស្រើបស្រាល ហិង្សា អសីលធម៌ ចាប់ពីថ្ងៃចេញសេចក្ដីណែនាំនេះតទៅ។
សេចក្តីណែនាំសង្កត់ធ្ងន់ថា ៖«ក្នុងករណីដែលបុគ្គល ឬក្រុមណាមួយ នៅបន្តប្រព្រឹត្តសកម្មភាពអវិជ្ជមានដូចបានរៀបរាប់ខាងលើ ក្រសួងនឹងធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមបទបញ្ញត្តិ ច្បាប់ដែលមានជាធរមាន»។
ក្រសួងវប្បធម៌ សង្ឃឹមនិងជឿជាក់ថា អ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្ត ព្រមទាំងអ្នកសម្តែងក្រៅប្រព័ន្ធតាមបណ្ដាញទំនាក់ទំនងសង្គមទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីណែនាំ នេះដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោក ប៉ែត រ៉ាម៉ន ប្រធានអង្គការស្នាមញ្ញញឹមកុមារកំព្រា បានសម្តែងការគាំទ្រចំពោះការណែនាំរបស់ក្រសួង ដែលបានចេញសេចក្តីណែនាំនេះ ខណៈលោកសង្កេតឃើញថាកន្លងមកនេះ ទម្រង់វីដេអូ ដែលបានផ្សព្វផ្សាយ តាមបណ្តាញមួយចំនួន បានធ្វើឱ្យបះពាល់ដល់ស្ត្រី និងកុមារយ៉ាងខ្លាំង។
លោកប្រាប់ឱ្យដឹងនៅថ្ងៃទី ២៤ ខែមិថុនាថា វីដេអូខ្លះ ឃើញតាមការផ្សព្វផ្សាយតាមបណ្តាញសង្គមមានហ្វេសបុក និងយូធូបជាដើម ដែលត្រូវបានបង្កើតឡើង មិនមែនជាទម្រង់វីដេអូអប់រំនោះទេ តែបែរជាវីដេអូបង្ហាញ ភាពសិចស៊ីជ្រុលហួស។ លោកថា៖« បើសិនជានិន្នាការនេះបន្តកើតឡើង មិនត្រឹមតែធ្វើឱ្យប៉ះពាល់វប្បធម៌ និងប្រពៃណីរបស់ខ្មែរប៉ុណ្ណោះនោះទេ តែក៏វាធ្វើឱ្យប៉ះពាល់ដល់តម្លៃស្ត្រី និងកុមាររបស់កម្ពុជាផងដែរ ខណៈបច្ចុប្បន្ននេះ មានកុមារកាន់តែច្រើនឡើងប្រើប្រាស់បណ្តាញសង្គមនេះ»៕
ដោយ: គឹម យុត្ថារ៉ូ