គណប្រតិភូក្រសួងបរិស្ថាន កាកបាទក្រហមកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំដាំដើមឈើ នៅមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ គិរីរម្យ
កំពង់ស្ពឺ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំដាំដើមឈើ នៅមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ គិរីរម្យ ។
ក្នុងកម្មវិធីដាំដើមឈើខាងនេះ នឹងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមអគ្គលេខាអាស៊ាន ប្រធានប្រតិភូសហព័ន្ធប្រចាំអាស៊ីប៉ាស៊ីហ្វិក, ប្រធាន ឬតំណាង ICRC ប្រចាំប៉ាស៊ីហ្វិក ក៏នឹងចូលរួមដាំដើមឈើជាមួយសម្ដេចប្រធានផងដែរ ។
ឯកឧត្តម សាយ សំអាល់ ណែនាំដល់អាជ្ញាធរនិងអ្នកពាក់ព័ន្ធ ត្រូវរៀបចំធ្វើយ៉ាងណាឱ្យដំណើរការនៃកម្មវិធីប្រព្រឹត្តិទៅដោយរលូន ព្រោះមានគណប្រតិភូជាន់ខ្ពស់ពីបណ្តាប្រទេសនានា មកចូលរួមដាំផងដែរ ។
អង្គប្រជុំបានសម្រេចនៅចំណុចសំខាន់ៗដើម្បីកំណត់ជាផែនការរួម ក្នុងការដាំកូនឈើនេះ គឺ ៖ ការកំណត់ទីតាំងឱ្យបានច្បាស់លាស់ដល់គណប្រតិភូ ការសម្អាតទីតាំងពិធីឱ្យបានស្អាតល្អទៅតាមប្លង់ដែលបានគ្រោងទុក និងការជ្រើសរើសពូជនិងប្រភេទដើមឈើសម្រាប់ដាំ ត្រួតពិនិត្យពីការប្រើប្រាស់ដីនៅក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ គិរីរម្យ ព្រោះទីតាំងនេះជាកន្លែងប្រវត្តិសាស្រ្តមួយរបស់កម្ពុជា ព្រោះថាទីកន្លែងប្រតិបត្តិនិងគោរពនូវសាសនា ហើយធ្វើយ៉ាងណាអភិវឌ្ឍឱ្យទៅជាកន្លែងឯកភាពសាសនាមួយ ។
កិច្ចការការពារសុខសុវត្ថិភាពដល់ថ្នាក់ដឹកនាំ គណប្រតិភូ និងអ្នកចូលរួម ការសម្អាតបរិវេណនិងអនាម័យឱ្យបានល្អ ដើម្បីត្រៀមទទួលគណប្រតិភូចូលរួម កំណត់ទីតាំងឱ្យបានច្បាស់លាស់ដែលបានដាំ ទៅតាមប្រភេទនៃដើមឈើ អាជ្ញាធរខេត្តកំពង់ស្ពឺត្រូវរៀបចំមូលដ្ឋានខ្លួនឱ្យបានប្រសើរ ពិសេសទីតាំងដែលគណប្រតិភូបានឆ្លងកាត់ ។
លោកជំទាវ ម៉ែន នារីសោភ័គ មានប្រសាសន៍ថា ការជ្រើសរើសទីតាំងឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ គិរីរម្យ ក្នុងការដាំដើមឈើនាពេលនេះ គឺជាឱកាសមួយក្នុងការបង្ហាញដល់គណប្រតិភូបណ្តាប្រទេសនានា ដែលបានអញ្ជើញមកឱ្យឃើញនូវវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ និងភាពរីកចម្រើនផ្នែកព្រះពុទ្ធសាសនារបស់ប្រទេសកម្ពុជា ។
លោកជំទាវមានប្រសាសន៍បន្ថែមថា ការដាំកូនឈើនេះជាការគូសបញ្ជាក់ឱ្យឃើញពីភាពសុខដុមរមណីកម្មខាងផ្នែកសាសនា និងជាផ្នែកមួយនៃការកសាងបន្ថែមទៀតឱ្យតំបន់បន្សល់ទុកជាកេរ្តិ៍មរតសម្រាប់មនុស្សជាតិក្នុងជំនាន់នេះ និងជំនាន់ក្រោយៗទៀត មិនត្រឹមតែស្វែងយល់ផ្នែកវប្បធម៌ និងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ គឺបានទាក់ទាញនូវភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកលេងកំសាន្តនៅក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ គិរីរម្យ ផងដែរ ។
សូមបញ្ជាក់ថា ពិធីដាំដើមឈើនៅមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ គិរីរម្យ តាមការគ្រោងទុកនឹងធ្វើនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមអគ្គលេខាអាស៊ាន ប្រធានប្រតិភូសហព័ន្ធប្រចាំអាស៊ីប៉ាស៊ីហ្វិក, ប្រធាន ឬតំណាង ICRC ប្រចាំប៉ាស៊ីហ្វិក និងមានប្រតិភូដែលជាយុវជននៃសមាគមជាតិនៃបណ្តាប្រទេសចំនួន១១ទៀតចូលរួមដាំជាមួយផងដែរ ៕
ដោយ / គ្រី សម្បត្តិ
















