និស្សិតផ្នែកស្ថាបត្យកម្មជាង ២០០ នាក់ ចុះទស្សនកិច្ចសិក្សានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី
ភ្នំពេញ៖ និស្សិតផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យាឆ្នាំទី៤នៃសាកលវិទ្យាល័យន័រតុន ចំនួន២៣០នាក់ បានចុះទស្សនកិច្ចសិក្សានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី កាលពីថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៣ ដើម្បីស្វែងយល់ពីការរៀបចំពិព័រណ៍ផលិតផលសូត្រមកពីបណ្ដាប្រទេសនៅតាមដងទន្លេមេគង្គ រួមមាន ឥណ្ឌា កម្ពុជា ថៃ ឡាវ ភូមា និងវៀតណាម។ នេះបើតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា។
លោក គាត តូប៊ី មកពីសាកលវិទ្យាល័យន័រតុន ផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យា ដែលបានចូលរួមដឹកនាំនិស្សិតមកធ្វើទស្សនកិច្ចសិក្សា បានឱ្យដឹងថា ការមកធ្វើទស្សនកិច្ចនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនេះ គឺពាក់ព័ន្ធជាមួយនឹងផ្នែកស្ថាបត្យកម្ម លើការសិក្សាគម្រោងប្លង់ទូទៅ។ លោកបន្តថា ៖« ផ្នែកស្ថាបត្យកម្ម លើការសិក្សាគម្រោងប្លង់ មានដូចជាសារមន្ទីរ អគារសាធារណៈជាដើម ជាពិសេស ទីតាំងនេះជាសារមន្ទីរមួយដែលបានដាក់តាំងនូវសម្លៀកបំពាក់សមុច្ច័យមកពីប្រទេសចំនួនប្រាំមួយផ្សេងគ្នា ដែលបានធ្វើឱ្យលោកចាប់អារម្មណ៍ពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណីរបស់ប្រទេសនីមួយៗតាមដងទន្លេមេគង្គ»។
លោក គាត តូប៊ី ដែលជាសាស្ត្រចារ្យ បន្តទៀតថា និស្សិតស្ថាបត្យកម្ម ត្រូវសិក្សាស្វែងយល់ឱ្យបានទូលំទូលាយគ្រប់ទម្រង់ ព្រោះពេលនិស្សិតសិក្សាគម្រោងត្រូវយល់ដឹងឱ្យបានច្រើនពីសារមន្ទីរ ដែលទាក់ទងនិងវប្បធម៌ ទាក់ទងនិងសម្លៀកបំពាក់ហើយក៏ត្រូវយល់ដឹងពីចរិតលក្ខណៈនៃការដាក់តាំងដែរ។ លោកថា៖«និស្សិតគួរយល់ដឹងពីមុខងារនៃលំហរនៃការតាំង យល់ពីគំនិតនៃបង្កើតសារមន្ទីរ បុព្វហេតុនៃការកកើតសារមន្ទីរ»។ល។
កញ្ញា ឃាង ហ៊ុយសៀង និស្សិតសាកលវិទ្យាល័យន័រតុនឆ្នាំទី៤ សិក្សាផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យា បានឱ្យដឹងក្រោយពីបានសិក្សាស្វែងយល់អំពីការពិព័រណ៍ផលិតផលសូត្រ និងសម្ភារតម្បាញទាំងប្រាំមួយប្រទេសរួចមកថា សារមន្ទីរនេះ ជាចំណែកមួយក្នុងការថែរក្សានូវវប្បធម៌ ដែលជាស្នាដៃបុព្វបុរស ដែលបានបន្សល់ទុកនូវវិធីសាស្រ្តផលិតសូត្រ និងឧបករណ៍តម្បាញជាច្រើនយ៉ាងសំបូរបែប។ កញ្ញាបន្តទៀតថា ទស្សនកិច្ចសិក្សានេះ មានសារៈសំខាន់ណាស់សម្រាប់សិស្សនិស្សិត ដូចជា បច្ចេកទេសនៃការសាងសង់អគារ ការរៀបចំតាំងពិព័រណ៍ ដែលអាចយកជាគំរូបាន និងក៏ជាគន្លឹះមួយសម្រាប់ការធ្វើនិក្ខេបបទបញ្ចប់ការសិក្សានៅឆ្នាំខាងមុខ រួមទាំងការធ្វើការដោយមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា រយៈពេលបីថ្ងៃនេះនៃការចុះទស្សនកិច្ចសិក្សារបស់សាកលវិទ្យាល័យន័រតុននៅក្នុងខេត្តសៀមរាប ក្រៅពីចុះទស្សនកិច្ចសិក្សានៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រុមនិស្សិត ក៏បានទៅទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ទស្សនាការដ្ឋានជួសជុលប្រាសាទព្រហ្មកិល ទស្សនាការដ្ឋានជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ទស្សនាការដ្ឋានជួសជុលគោបុរៈខាងកើតនៃប្រាសាទអង្គរវត្ត។ ព្រមទាំងជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងស្តាប់អនុសាសន៍អំពីការគ្រប់គ្រងអភិរក្ស និងការអភិវឌ្ឍន៍តំបន់បេតិកភណ្ឌពិភពលោកអង្គរផងដែរ៕
ដោយ:សុខ រក្សា






