មន្រ្តី ប.ស.ស៖ ការចុះបណ្តុះបណ្តាលស្តីពីចរាចរណ៍ផ្លូវគោកជូនដល់អ្នកបើកបរយានយន្ដដឹកកម្មករ ចាំបាច់ត្រូវធ្វើជាប្រចាំ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖
មន្រ្តីជាន់ខ្ពស់បេឡាជាតិសន្តិសុខសង្គម ប.ស.ស បានលើកឡើងថា ការចុះបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបរយានយន្ដដឹកកម្មករ និងបងប្អូនកម្មករនិយោជិត គឺជាការងារមួយដ៏ចាំបាច់ដែលត្រូវបន្តធ្វើជាប្រចាំ ខណៈគ្រោះថ្នាក់ចរាចណ៍កន្លងមកបណ្តាលមកពីកត្តាខ្វះចំណេះដឹងផ្នែកចរាចរណ៍។

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានលើកឡើងបែបនេះ នៅក្នុងពិធីបើកកិច្ចប្រជុំអប់រំផ្សព្វផ្សាយស្ដីពី “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត” ស្ថិតក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ។ នេះបើតាម ប.ស.ស។
លោក ហេង សុផាន់ណារិទ្ធ ជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត បានថ្លែងថា ការចុះបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវ គឺជាការងារមួយដ៏ចាំបាច់ដែលយើងត្រូវបន្តធ្វើជាប្រចាំ ដើម្បីរួមចំណែករក្សានូវសុវត្ថិភាពក្នុងពេលធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត។ លោកថា៖« ព្រោះកន្លងមកករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបណ្ដាលមកពីការបើកបរហួសល្បឿនកំណត់ បើកបរមិនគោរពសិទ្ធិអាទិភាពត្រង់ផ្លូវប្រសព្វ ការបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការបត់ឆ្វេង បត់ស្ដាំ បត់ត្រឡប់ក្រោយមិនបានត្រឹមត្រូវ មិនប្រកាន់ស្ដាំ និងមិនបានត្រួតពិនិត្យយានយន្ដតាមលក្ខណៈបច្ចេកទេសជាដើម»។
លោកគូសបញ្ជាក់ថា បើទោះបីជាការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះ មិនអាចជួយឱ្យបងប្អូនជៀសផុតពីករណីគ្រោះថ្នាក់ចរាចរណ៍បានទាំងស្រុងក៏ពិតមែន ប៉ុន្តែក៏ជាចំណែកមួយ ដើម្បីបញ្រ្ជាបឱ្យអ្នកបើកបររថយន្ដដឹកកម្មករ និងបងប្អូនកម្មករនិយោជិតទាំងអស់ បើកបរដោយមានទំនួលខុសត្រូវខ្ពស់ក្នុងពេលបើកបរ។
ជាមួយគ្នានេះលោក សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្ដុះបណ្ដាលនាពេលនេះ នឹងជួយបង្កើនចំណេះដឹងឱ្យកាន់តែច្បាស់លើផ្នែកទ្រឹស្តីវិជ្ជាជីវៈ ការចូលរួមអនុវត្តច្បាប់ សីលធម៌ក្នុងពេលបើកបរ ជូនដល់បងប្អូនអ្នកបើកបរយានយន្ដដឹកកម្មករ និងបងប្អូនកម្មករនិយោជិត លើការការពារសុវត្ថិភាពរបស់ខ្លួន។
ក្នុងឱកាសនោះដែរលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានក្រើនរំលឹកដល់បងប្អូនអ្នកបើកបរយានយន្តទាំងអស់ត្រូវមានក្រមសីលធម៌លើការបើកបរលើដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ លោកក៏បានថ្លែងអំណរគុណដល់ ប.ស.ស. និងអង្គភាពពាក់ព័ន្ធនានា ដែលបានសហការរៀបចំកម្មវិធីនេះឡើងដើម្បីឱ្យបងប្អូនកម្មករនិយោជិតទាំងអស់គ្នាបានយល់ដឹងបន្ថែមលើច្បាប់ចរាចរណ៍ទាំងអស់គ្នា។ លោកថា៖«ជាពិសេសត្រូវចងចាំថា អាយុជីវិតបងប្អូន គឺពឹងនៅលើមធ្យោបាយផ្ទាល់ និងនៅលើដងផ្លូវ ដែលទាមទារដាច់ខាតនូវការគោរពច្បាប់ចរាចរណ៍ ការពិនិត្យបច្ចេកទេសយានយន្ដ និងស្ថានភាពផ្លូវដែលកំពុងប្រើប្រាស់»៕
ដោយ: សុខ រក្សា

ads banner