Amazon គ្រោងបង្កើនការវិនិយោគដល់ ២៦ពាន់លានដុល្លារក្នុងប្រទេសឥណ្ឌា នៅឆ្នាំ ២០៣០

ញូវដែលី៖ ក្រុមហ៊ុន Amazon.com Inc បានប្រកាសថា ខ្លួននឹងបង្កើនការវិនិយោគបន្ថែមរហូតដល់ ២៦ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌា នៅឆ្នាំ ២០៣០ខាងមុខនេះ។

ក្រុមហ៊ុនលក់រាយតាមអ៊ីនធើណិតធំជាងគេលើពិភពលោក Amazon បានប្រកាសថា ខ្លួននឹងបង្កើនការវិនិយោគនៅឥណ្ឌារហូតដល់ ២៦ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ដោយចាក់បន្ថែម ៦.៥ពាន់លានដុល្លារទៅក្នុងការវិនិយោគថ្មី ដែលបានគ្រោងទុកនៅក្នុងសេចក្តីប្រកាសមួយ ដែលបានធ្វើឡើងបន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក អេនឌី ជេសស៊ី បានជួបនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅសហរដ្ឋអាមេរិក។

លោក ម៉ូឌី និងលោក ជេសស៊ី បានពិភាក្សាអំពីការគាំទ្រដល់ការចាប់ផ្តើមអាជីវកម្មរបស់ឥណ្ឌា, ការបង្កើតការងារថ្មី, ការបើកដំណើរការការនាំចេញ, ការធ្វើឌីជីថល និងការផ្តល់សិទ្ធិអំណាចដល់បុគ្គល និងអាជីវកម្មខ្នាតតូច ដើម្បីប្រកួតប្រជែងជាសកល។

ទោះបីជាលោក ជេសស៊ី មិនបានផ្តល់ព័ត៌មានលំអិតអ្វីក៏ដោយ តែសេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Amazon Web Services (AWS) របស់ Amazon បាននិយាយកាលពីខែមុនថា ខ្លួននឹងវិនិយោគបន្ថែម ១.០៦ទ្រីលានរូពី ឬប្រហែល១២.៩ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌានៅចុងឆ្នាំ ២០៣០។

ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Amazon បានប្រកាសពីផែនការវិនិយោគ ៦.៥ពាន់លានដុល្លារ ដែលភាគច្រើនដើម្បីពង្រីកអាជីវកម្មអេឡិចត្រូនិករបស់ខ្លួន ដើម្បីបង្កើនការប្រកួតប្រជែងជាមួយក្រុមហ៊ុនឥណ្ឌា Flipkart របស់ Walmart និងក្រុមហ៊ុន Reliance Retail របស់មហាសេដ្ឋីឥណ្ឌា លោក Mukesh Ambani៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner