អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ស្នើម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តចំនួនបីជួយទិញស្រូវពីកសិករឱ្យអស់ពីលទ្ធភាពក្នុងតម្លៃទីផ្សារ

ភ្នំពេញ៖ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) បានស្នើដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យជួយទិញស្រូវពីកសិករឱ្យអស់ពីលទ្ធភាពក្នុងតម្លៃទីផ្សារ។

នៅក្នុងកិច្ចប្រជុំជាមួយសភាពាណិជ្ជកម្ម និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង នៅខេត្តបាត់ដំបង ​កាលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣  ឯកឧត្តម កៅ ថាច ​បានស្នើសុំថា សម្រាប់រដូវប្រមូលផលស្រូវដែលនឹ​ងមកដល់ ខាងមុខនេះ សុំជំរុញលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ មេត្តាជួយទិញស្រូវពីកសិករឱ្យ​អស់ពីល​ទ្ធភាពក្នុងតម្លៃទីផ្សារ។

តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោកមានប្រសាសន៍ថា ៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់រោងម៉ា​ស៊ីនទាំងអស់នឹងធ្វើការសហការគ្នា ដោយសាមគ្គីភាព ដើម្បីលើកស្ទួយជីវភាពកសិករ និងជំរុញអោយផែនការនាំចេញអង្ករ​១លា​នតោន​របស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យ។    ដោយទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជ​នបទ និងកសិកម្ម នៅតែបន្តផ្តល់ឥណទានដល់ម្ចាស់រោងម៉ាស៊ីនធ្វើការប្រមូលទិញស្រូវពីកសិករក្នុងរដូវប្រមូលផលខាងមុខនេះ»។ ​

ឯកឧត្តម កៅ ថាច ក៏​បានស្នើ​សុំ​ម្ចាស់រោងម៉ាស៊ីនកិនស្រូវ​បន្ថែមទៀត​គួរតែមានការរៀបចំ​បង្កើត​ទីផ្សារ​ទិញ​ស្រូវ​ក្នុង​តំបន់​រ​បស់ខ្លួ​ន​ឱ្យ​បានច្រើន​កន្លែង​ និងច្រើនទីតាំង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាកសិករធ្វើការប្រមូលផ្តុំ យកស្រូវមកលក់​ និងកាត់ប​ន្ថយការចំណាយថ្លៃដឹកជញ្ជូនរបស់បងប្អូនកសិករផងដែរ។ 

ឯកឧត្តមបានស្នើបន្ថែមទៀតថា ៖ «​ខ្ញុំស្នើសុំដល់តំណាងអ្នកទិញស្រូវរបស់រោងម៉ាស៊ីន ដោយធ្វើការទូទាត់ប្រាក់នៃការទិញ-លក់ស្រូ​វពីបងប្អូនកសិករ  តាមរយៈ​ APP របស់ធនាគារ ARDB  ដែលអាចផ្ទេរទៅធនាគារផ្សេងៗបានយ៉ាងងាយស្រួល និងរហ័​ស»។ ក្នុងន័យនេះ ខ្ញុំសូម​លើកទឹកចិត្តឱ្យ​ម្ចាស់រោងម៉ាស៊ីនទាំងអស់នៅពេលខ្វះថវិកាទិញស្រូវ អាចធ្វើការស្នើសុំឥណទានបន្ថែម​ ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន គ្រាន់តែបំពេញតាមលក្ខខណ្ឌគុណវុឌ្ឍរបស់ធនាគារតែប៉ុណ្ណោះ​ ឬក៏ដាក់ស្តុកស្រូវ-អង្ករ​ ជាទ្រព្យធានា»​។

 ឯកឧត្តម កៅ ថាច ​បានបន្ថែមដែរ​ថា ម្ចាស់រោងម៉ាស៊ីនទាំងអស់សូមមានឱ្យ​មានសាមគ្គីភាពរវាងគ្នា កុំធ្វើការប្រ​កួតប្រជែងគ្នា និងសូមធ្វើការរួបរួមគ្នាដើម្បីលើកស្ទួយវិស័យស្រូវអង្ករកម្ពុជាប្រកបដោយវិបុលភាព និងភាពរីកចម្រើន។

ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ ខែមិថុនា ​ថា កន្លងទៅក្រសួងកសិកម្ម បានធ្វើការច្រើនណាស់ទាក់ទងនឹងការជំរុញឱ្យមានការចុះកិច្ចសន្យាជាមួយរោងម៉ាស៊ីនកិនស្រូវ និងស​ហគមន៍កសិកម្ម ក៏ដូចជាកសិករ ធ្វើយ៉ាងណាដើម្បីអាចរក្សាស្ថិរភាពតម្លៃ ជូនកសិករនៅពេលរដូវប្រមូលផល។

ឯកឧត្តម​បានថ្លែងថា ៖ «បញ្ហាដើមទុនប្រមូលទិញស្រូវ ក៏ជាអ្វីដែលយើងបានគិតគូរដែរ ជាពិសេសការជំរុញលើកទឹកចិត្ត ដល់ម្ចា​ស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករនានា ទទួលបានកម្ចីពីធនាគារARDB ដែលមានអត្រាការប្រាក់សមរម្យ ល​ក្ខខណ្ឌងាយស្រួល ដើម្បីមានទុនគ្រប់គ្រាន់ក្នុងការប្រមូលទិញស្រូវពីកសិករ»។

បើតាម ARDB ការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បីធានាស្ថេរភាពថ្លៃស្រូវ​ ដែលបានផ្តល់ជូនតាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម  នៅទីតាំងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុន ចំនួន​ ៥ ក្នុងភូមិសាស្ត្រស្រុកមោងឬស្សី ខេត្តបាត់ដំបង​ និងបន្ទាយមានជ័យរួមមាន៖ ធនាគារស្រូវកម្ពុជា​ , រោងម៉ាស៊ីនកិនស្រូវ ភួ ប៉ូយ, រោងម៉ាស៊ីនកិនស្រូវ ឡាយ សែ, រោងម៉ាស៊ីនកិនស្រូវ ហ្វាង លី, និងរោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ ។

យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខា​ប្រ​​មា​ញ់ និង​នេសាទ​ បានបង្ហាញថា ផលិតផល​កសិកម្ម​ចំនួន​ ៨,៦​ លាន​តោន​ដែល​ស្មើ​នឹង​តម្លៃ​សរុប​ជិត ប្រាំពាន់​លាន​ដុល្លារ​ត្រូវបាន​កម្ពុជា​នាំចេញ​ជា​ផ្លូវការ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​ ២០២២ ខណៈ​វិស័យ​ក​សិ​​កម្មបាន​រួមចំណែក​ជាង ២២ ​ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក (GDP)​ កម្ពុជា​៕

ដោយ៖វណ្ណ សុជាតា

ads banner