និស្សិតខ្មែរមួយក្រុម ផលិតទូលក់ស្វ័យប្រវត្តិទំនើបពិសេសប្លែកគេ គិតលុយតាមការស្កេនឃ្យូអរកូដ
ភ្នំពេញ៖ទូលក់ដោយស្វ័យប្រវត្តិ ឬVending Machine គឺជាទូលក់ទំនិញដ៏ពេញនិយមនៅតាមបណ្តាប្រទេសជឿនលឿន ដូចជានៅប្រទេសជប៉ុន និងអឺរ៉ុបជាដើម។ ទូ ទាំងនោះភាគច្រើនជាទូលក់ភេសជ្ជៈ ឬទំនិញមួយចំនួន ដែលអ្នកទិញត្រូវតែប្រើក្រដាសប្រាក់ ឬកាក់ដើម្បីទិញផលិតផលដែលខ្លួនចង់បាន។
បច្ចុប្បន្ននៅកម្ពុជា មាននិស្សិតមួយក្រុមបានអភិវឌ្ឍន៍ទូលក់ដោយស្វ័យប្រវត្តិនេះឱ្យកាន់តែទំនើបមួយកម្រិតថែមទៀត។ ទូលក់ស្វ័យប្រវត្តិដែលនិស្សិតកម្ពុជាបង្កើតឡើងនោះ ស្របតាមបរិបទសង្គម ដោយអតិថិជនអាចទិញផលិតផល និងទូទាត់ប្រាក់ដោយការស្កេន ឃ្យូ អរ កូដ(QR Code)។
និស្សិត ជា ផេងអ៊ូ ជានិស្សិតឆ្នាំទី៥ ផ្នែកអគ្គិសនីនៅវិទ្យាស្ថានជាតិបច្ចេកវិទ្យាកម្ពុជា ឬ ITC និងជាអ្នកតំណាងឱ្យក្រុមរបស់ខ្លួនបានឱ្យដឹងថា ក្រុម Techno Vending Machine ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២២ តាមរយៈកិច្ចការសាលា និងបានវិវត្តន៍ទៅជាអាជីវកម្មប្រចាំដេប៉ាតឺម៉ង់នាពេលនេះ។
យុវជន ជា ផេងអ៊ូ រៀបរាប់ថា ៖ «ពេលនោះពួកខ្ញុំរៀនឆ្នាំទី៤ វាកើតចេញ ពីគម្រោងក្នុងថ្នាក់មួយដែលគ្រូ បានដាក់ឱ្យ។ ខ្ញុំក៏យល់ថាបើធ្វើអ្វីដែលជាគំនិតច្នៃប្រឌិតហើយអាចវិវត្តន៍ទៅជាអាជីវកម្មទៅថ្ងៃអនាគតបាននោះវាល្អ ដូច្នេះហើយពួកខ្ញុំក៏នឹងឃើញដល់ Vending Machine »។
ការបង្កើតដំបូងឡើយ ក្រុមនិស្សិតនេះមិនទាន់យល់ថាវាអាចក្លាយទៅជាគំនិតអាជីវកម្មនៅឡើយទេ តែក្រោយការអភិវឌ្ឍន៍ផលិតផលនេះជាបន្តបន្ទាប់ វាត្រូវបានលោកគ្រូបន្ទុករបស់ពួកគេជួយស្វែងរកអ្នកឧបត្ថម្ភថវិកា រួមជាមួយនឹងខាងដេប៉ាតឺម៉ង់ផ្ទាល់គាំទ្រ ហើយកែប្រែវាទៅជាអាជីវកម្មសម្រាប់ដេប៉ាតឺម៉ងតែម្ដង។
និស្សិតឆ្នាំទី៥ ជា ផេងអ៊ូ បានឱ្យដឹងពីគំនិតច្នៃប្រឌិត ធ្វើឱ្យទូលក់ស្វ័យប្រវត្តិនេះអាចទូទាត់ប្រាក់តាមការស្កេនថា ៖ «ដំបូងពួកខ្ញុំស្វែងយល់ពី ចំណុចខ្សោយនៃប្រភេទទូអគ្គិសនីដទៃ និងដោយឃើញការប្រើប្រាស់កាក់ និងលុយសុទ្ធមានបញ្ហាច្រើន ហើយណាមួយពួកខ្ញុំមានសក្ដានុពលផ្នែកហ្នឹងផង អញ្ចឹងហើយទើបយើងប្រើ QR Code ដែលកំពុងពេញនិយមនៅខ្មែរយើងតែម្ដង»។
យុវជន ជា ផេងអ៊ូ បានឱ្យដឹងទៀតថា កូនអាជីវកម្មតូចនេះកំពុង សហការជាមួយនឹងដេប៉ាតឺម៉ង់គីមីចំណីអាហារ និងដៃគូនៅកោះតៃវ៉ាន់ ដោយការសហការនេះគឺជាការផ្តោះប្តូរបច្ចេកវិទ្យា និងសម្ភារៈ។ ខាងដៃគូជាអ្នកផ្ដល់ទូមក ចំណែកក្រុម Techno Vending Machine នឹងបំពាក់បច្ចេកវិទ្យាជូនដល់ពួកគេដើម្បីយកទៅដាក់លក់ទឹក និងលក់ភេសជ្ជៈផ្សេងៗ។
ប៉ុន្តែសម្រាប់ឆ្នាំ ២០២៤ យុវជនមួយក្រុមនេះបានធ្វើផែនការថ្មី ដោយគ្រោងនឹងបើកទទួលការកុម្ម៉ង់សម្រាប់អតិថិជនទូទៅ។
យុវជន ជា ផេងអ៊ូ បានឱ្យដឹងថា ៖ «ពួកខ្ញុំនឹងបើកការកុម្ម៉ង់ ពីរជម្រើស សម្រាប់ឆ្នាំ២០២៤ ។ទី១គឺខ្នាតស្តង់ដារ ដែលមានតូច មធ្យម និងធំ ។ចំណែកមួយប្រភេទទៀតគឺធ្វើតាមបែបបទដែលអតិថិជនកុម្ម៉ង់ ទាំងរូបរាង ទំហំ និងសូម្បីសម្រាប់ប្រភេទផលិតផលផ្សេងក្រៅពីភេសជ្ជៈ»។
យុវជន ជា ផេងអ៊ូ បានបន្ថែមថា ៖ «គោលដៅរបស់យើងមានពីរ គឺ ទី១ លក់ឱ្យអតិថិជនគោលដៅ និងទី២ គឺលក់ជាកញ្ចប់ដោយការដាក់ជួលម៉ាស៊ីន និងសេវាកម្មផ្សេងៗរបស់ពួកខ្ញុំ។ សម្រាប់តម្លៃវិញ ដោយសារតែឥឡូវនេះពួកខ្ញុំធ្វើការតែជាមួយនឹងដៃគូ ដូច្នេះហើយយើងមិនទាន់បានកំណត់តម្លៃទូអគ្គិសនីនៅឡើយ»។
មកទល់ពេលនេះ ក្រុម Techno Vending Machine បានអភិវឌ្ឍន៍ទូរបស់ខ្លួនបានដល់ពីរជំនាន់ហើយ ។ យុវជន ជា ផេងអ៊ូ បញ្ជាក់ថា កាលជំនាន់ទី១ គឺជាការទិញប្រើ QR Code ដែរតែត្រូវផ្ទៀងផ្ទាត់ជាមួយលេខកូដ តាមរយៈសារ SMS ដែលទទួលបានពីខាងធនាគារ មុនឱ្យទូអគ្គិសនីដំណើរការ ដោយវាត្រូវប្រើពេលប្រាំមួយវិនាទី។
ចំណែកជំនាន់ទី២ គឺលឿនជាងមុន បីដង ដែលប្រើប្រព័ន្ធទូទាត់ប្រាក់របស់បាគង ប្រើអ៊ីនធឺណិតដោយមិនចាំបាច់ផ្ទៀងផ្ទាត់លេខកូដទៀតនោះទេ ពោលគឺគ្រាន់តែស្កេន នោះភេសជ្ជៈនឹងធ្លាក់ពីទូអគ្គិសនីមកតែម្តង។
បច្ចុប្បន្ន ក្រុមនិស្សិតផ្នែកអគ្គិសនីឆ្នាំទី៥ ឈ្មោះ Techno Vending Machine ដែលមានមានសមាជិក ចំនួន ៥នាក់នេះ បានផលិតទូអគ្គិសនីទំនើបនេះ ចំនួនប្រាំមួយគ្រឿងហើយ។
លើសពីនេះ យុវជន ជា ផេងអ៊ូ ចង់ឃើញប្រជាពលរដ្ឋគាំទ្រស្នាដៃបច្ចេកវិទ្យាថ្មីៗរបស់យុវជនឱ្យកាន់តែច្រើន ព្រោះវារួមចំណែកដល់សង្គមផង និងលើកកម្ពស់បច្ចេកវិទ្យាខ្មែរផង។
និស្សិត ជា ផេងអ៊ូ និយាយថា ៖ «ទោះបីជានៅកម្ពុជាយើង មានការប្រកួតប្រជែងជាមួយទូអគ្គិសនីបរទេសច្រើនក៏ដោយ តែខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋក្នុងស្រុកនឹងមានការគាំទ្រច្រើន ដោយសារវាជាផលិតផលក្នុងស្រុកផលិតដោយដៃកូនខ្មែរ ម្យ៉ាងតម្លៃវិញគឺថោកជាងម៉ាស៊ីនបរទេសទៅទៀត»។
យុវជនរូបនេះបន្តថា ការប្រើប្រាស់ទូអគ្គិសនីនេះមានប្រយោជន៍ច្រើន វាមិនត្រឹមតែចំណេញមនុស្សក្នុងការលក់ តែអតិថិជនអាចកុម្ម៉ង់ទូអគ្គិសនីនេះដើម្បីដាក់លក់ផលិតផលផ្សេងទៀតបានដូចជាគ្រឿងសម្អាង និងផលិតផលផ្សេងបានផងដែរ៕
ដោយ៖ស្រ៊ុន សិរីវឌ្ឍនៈ



