សម្តេចតេជោ ហ៊ុន សែន មិនចង់ឱ្យអ្នកជំនាន់ក្រោយ ជួបវាសនាដូចយុវជនជំនាន់មុន ដោយសារសង្គ្រាម
ស្វាយរៀង៖ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ដែលបម្រើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្ត ស្វាយរៀងនៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំឭកអំពីអតីតកាលដ៏ជូរចត់ដោយសារបញ្ហសង្គ្រាម ដែលធ្វើឱ្យសម្ដេចនិងប្រជាជនដទៃទៀតបាត់បង់ឱកាសជាច្រើនក្នុងពេលយុវវ័យ ដូច្នេះហើយទើបខិតខំបញ្ចៀសសង្គ្រាម ការពារសន្តិភាពឱ្យខាងតែបាន ព្រោះមិនចង់ឱ្យយុវជនជំនាន់ក្រោយជួបវាសនាដូចជាយុវជនជំនាន់មុន។
សម្ដេចតេជោ បានអំពាវនាវប្រាប់ប្រជាពលរដ្ឋ កម្មករ/កម្មការិនីគ្រប់គ្នាមិនត្រូវគាំទ្រការនាំសង្គ្រាមចូលមកប្រទេសកម្ពុជាវិញនោះឡើយ ពីព្រោះសង្គ្រាមបានបំផ្លាញឱកាស បំផ្លាញអ្វីៗទាំងអស់ដែលកម្ពុជាធ្លាប់មាន គ្មានផលចំណេញដល់ភាគីណាមួយនោះឡើយ មានតែសន្តិភាពទេដែលនាំមកនូវការអភិវឌ្ឍ និងបង្កើតឱ្យមានសមិទ្ធផលគ្រប់បែបយ៉ាង។
សម្ដេច បន្តថា សម្ដេច និងប្រជាជនដទៃ គឺជាមនុស្សធ្លាប់រងគ្រោះដោយសារសង្គ្រាម បាត់បង់ឱកាសសប្បាយរីករាយ និងឱកាសល្អៗជាច្រើនទៀតក្នុងពេលយុវវ័យ ដោយសារតែសង្គ្រាមញ៉ាំញីប្រទេសជាតិអស់ជាច្រើនឆ្នាំ។
សម្ដេច បញ្ជាក់ថា កុំប្រថុយជាមួយសង្គ្រាមឱ្យសោះ កើតសង្គ្រាមមិនស្រួលនោះទេ! ក្មួយៗអ្ហើយ ពូនេះជាមនុស្សបាត់ឱកាស ព្រោះកាលពីពេលពេញកម្លោះ ស្រុកទេសកើតសង្គ្រាម មួយយុវវ័យរបស់ពូគ្មានពេលបានសម្រាកនោះទេ ត្រូវចំណាកស្រុកមករៀនសូត្រ បន្ទាប់ទៅប្រទេសជាតិក៏ជួបសង្គ្រាមទៀត។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា សម្ដេចពិតជាសំណាងហើយ ដែលរងរបួស៥លើកហើយ តែនៅរស់រានមានជីវិតដល់សម័យសន្តិភាពវិញនេះនឹងគេ ខណៈអ្នកដទៃទៀតត្រូវបានស្លាប់ អ្នកខ្លះមិនដឹងថាសាកសពនៅទីណា ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសន្តិភាពនេះជាដាច់ខាត។
សម្ដេចតេជោបញ្ជាក់ទៀតថា អ្វីដែលបាននិងកំពុងកើតនៅលើទឹកដីកម្ពុជា គឺដោយសារកត្តាសន្តិភាពនេះឯង សន្តិភាពគឺជាកត្តាចម្បងបំផុតសម្រាប់ការទាក់ទាញវិនិយោគ និងការអភិវឌ្ឍគ្រប់ផ្នែក គ្មានសន្តិភាពមិនអាចធ្វើអ្វីបាននោះទេ ដូច្នេះត្រូវរួមគ្នាការពារសន្តិភាពដើម្បីធានាការអភិវឌ្ឍទៅអនាគត។
សម្ដេចនាយករដ្ឋមន្ត្រី បានព្រមានថា ជនណាក៏ដោយដែលចង់បំផ្លាញសន្តិភាព គឺមិនត្រូវទទួលការអត់ឱនឱ្យនោះទេ ព្រោះយើងបានឆ្លងកាត់ឈាម និងទឹកភ្នែករួចហើយ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ




