សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ទាំងផ្នែករឹង និងទន់ ដើម្បីទាក់ទាញការវិនិយោគ
ស្វាយរៀង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ទាំងផ្នែករឹង និងទន់ ដើម្បីទាក់ទាញការវិនិយោគ។ សម្ដេចបន្តថា រាជរដ្ឋាភិបាលក ក៏មាននយោបាយសន្តិភាព បាននាំឲ្យប្រទេសជាតិរីកចម្រើនជាច្រើន លើគ្រប់វិស័យ ជាពិសេសតំបន់ព្រំដែន ដែលជាអតីតសមរភូមិប្រយុទ្ធ បានក្លាយជាតំបន់សេដ្ឋកិច្ចទីផ្សារ និងការអភិវឌ្ឍ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូច្នេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ដែលបំរើការងារនៅក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣។
សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា ដោយសារគោលនយោបាយ ដ៏ត្រឹមត្រូវបែបនេះ ហើយទើបនាំឱ្យ តំបន់ព្រំដែនមាន ការរីកចម្រើន ដូចជា រោងចក្រ សហគ្រាស តំបន់សេដ្ឋកិច្ចពិសេស ដែលនាំអ្នកវិនិយោគិនមកបណ្ដាក់ទុន។
សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា ទាក់ទិននឹងការអភិវឌ្ឍនេះ កម្ពុជា និងវៀតណាមមានការតភ្ជាប់គ្នា ដោយតំបន់សេដ្ឋកិច្ចពិសេសនៅទីនេះមិនមែន នាំចេញ ទៅកាន់កំពង់ផែ ខេត្តព្រះសីហនុ ដែលមានចម្ងាយ យ៉ាងឆ្ងាយនោះទេ ភាគីទាំងពីរមានកិច្ច សហប្រតិបត្តិការនាំទៅកាន់ កំពង់ផែខាងវៀតណាម ដែលមានតម្លៃថោកជាង។ តែផ្នែកការតភ្ជាប់ ផ្សេងទៀត ដូចជាគមនាគមន៍ដឹកជញ្ជូន បញ្ហាអគ្គិសនី ឌីជីថលទូរគមនាគម ជាដើម ត្រូវបាន តភ្ជាប់ពីវៀតណាម ដើម្បីធ្វើការជាមួយគ្នា។
ក្នុងន័យនេះ សម្ដេចថា នយោបាយសន្តិភាព របស់កម្ពុជាវាស្របគ្នា និងនយោបាយសន្តិភាព របស់ វៀតណាមផងដែរ ដែលត្រូវរិះរកការធ្វើពាណិជ្ជកម្មជាមួយគ្នា នាយកទៅវិញទៅមក ។
តាមរបាយការណ៍បានបញ្ជាក់ថា ខេត្តស្វាយរៀង ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន ២៦៤ មាន កម្មករនិយោជិតប្រមាណជិត៩ម៉ឺន៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជាង ២៨៤លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន៤១ មាន កម្មករនិយោជិត សរុបជិត ៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបប្រមាណជិត ១២៤លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ និងជាខេត្តទី៦ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស វិស័យកាត់ដេរច្រើន ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ


