សម្តេចតេជោ ហ៊ុន សែន៖ ការអភិវឌ្ឍនៅខេត្តកំពង់ស្ពឺ និងក្របខណ្ឌទូទាំងប្រទេស គឺកើតឡើងដោយសារកត្តាសុខសន្តិភាព

កំពង់ស្ពឺ៖ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការអភិវឌ្ឍនៅខេត្តកំពង់ស្ពឺនិយាយដោយឡែក និងក្របខណ្ឌទូទាំងប្រទេសនិយាយជារួម គឺកើតឡើងដោយសារកត្តាសុខសន្តិភាព។ យើងត្រូវរួមរក្សាសន្តិភាពនេះឱ្យបាន ដើម្បីធានាការអភិវឌ្ឍរយៈពេលវែង។ សម្តេចថា គ្មាននរណាទៅរកស៊ី នៅប្រទេសដែលកំពុងមានសង្គ្រាមកាប់នោះទេ។

សម្តេចតេជោ បានបន្តថា កំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ ដែលផលិតរោងចក្រ ទាំងនោះសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ សម្តេចថា ពីមុនដី១ហិចតា ប្រជាកសិករអាចធ្វើស្រែ-ចំការ អាចចិញ្ចឹមមនុស្សបានតែ១គ្រួសារដែលមានសមាជិកប្រមាណ៥នាក់ប៉ុណ្ណោះ ប៉ុន្តែនៅពេលមានការវិនិយោគលើផ្ទៃដី១ហិចតា គឺអាចចិញ្ចឹមប្រជាពលរដ្ឋបានពី៣-៤ពាន់គ្រួសារ តាមរយៈការវិនិយោគលើរោងចក្រសហគ្រាស និងផ្នែកឧស្សាហកម្ម។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា នយោបាយត្រូវរបស់រាជរដ្ឋាភិបាល គឺការសម្រេចចិត្តឱ្យមានទីតាំងរោងចក្រនៅខេត្តកំពង់ស្ពឺ ដែលពេលបច្ចុប្បន្ននេះមានរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតជាង១៤ម៉ឺននាក់ និងមានប្រាក់ឈ្នួលមធ្យមជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។

សម្តេចតេជោ បានលើកឡើងទៀតថា បើពេលនេះ គ្មានការវិនិយោគលើវិស័យកាត់ដេរ និងឧស្សាហកកម្មនោះទេ គឺបងប្អូនកម្មករ-កម្មការិនី កំពុងធ្វើស្រែចំការ និងរបរចិញ្ចឹមគ្រួសារលក់ដូរតិចតួចនៅផ្ទះឯណោះទេ។

សម្តេច បញ្ជាក់ថា ការដែលសម្តេចចុះសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីនៅតាមបណ្តារោងចក្រនានាដោយផ្ទាល់នាពេលបន្តបន្ទាប់នេះ គឺគ្មានអ្វីក្រៅពីពិនិត្យវឌ្ឍនភាពនៅតាមរោងចក្រ សួរសុខទុក្ខ និងរកដំណោះស្រាយជូនដល់បងប្អូនកម្មករ -កម្មការិនីឱ្យបានឆាប់រហ័សនោះទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសពីជនចង្រៃនៅក្រៅស្រុក ដែលតែងធ្វើសកម្មភាពនយោបាយបំផ្លាញឆ្នាំងបាយកម្មករ-កម្មការិនី ដូចជា៖ កុំឱ្យវិនិយោគិនមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ,កុំឱ្យគេទិញផលិតផលពីកម្ពុជា និងឱ្យអន្តរជាតិដាក់ទណ្ឌកម្មលើកម្ពុជាជាដើម។

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់ម្ចាស់រោចក្រ និងកម្មករនិយោជិត ត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ការធ្វើបែបនេះបាន កម្មករនិយោជិត និងម្ចាស់រោងចក្រ ត្រូវធ្វើបែបណា កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត និងថៅកែរោងចក្រ ៕

ដោយ:វណ្ណ លុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner