សភាអ៊ុយរូហ្គាយបើកសម័យប្រជុំពិសេស ប្រារព្ធខួប៥០ឆ្នាំនៃរដ្ឋប្រហារ
ម៉ុងតេវីដេអូ៖ សភានៃប្រទេសអ៊ុយរូហ្គាយបានបើកសម័យប្រជុំពិសេស ដើម្បីប្រារព្ធខួប៥០ឆ្នាំ នៃរដ្ឋប្រហារ។
ប្រធានាធិបតីអ៊ុយរូហ្គាយ នាពេលបច្ចុប្បន្ន និងអតីតប្រធានាធិបតីនានា បានចូលរួមសម័យប្រជុំពិសេសមួយ នៅក្នុងសភាជាតិ ដើម្បីរំលឹកខួបលើកទី ៥០នៃរដ្ឋប្រហារ ដែលបង្ហាញពីការចាប់ផ្តើមនៃរបបផ្តាច់ការយោធា រយៈពេល ១២ឆ្នាំ។

រូបភាពនៃសម័យប្រជុំចុងក្រោយមុនការរំលាយសភា នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ១៩៧៣ ក៏ត្រូវបានបញ្ចាំង ក្នុងពេលប្រជុំផងដែរ។
ប្រធានាធិបតីប្រទេសអ៊ុយរូហ្គាយ លោក Luis Lacalle Pou និង មេដឹកនាំអតីតរបបយោធាបីរូប ដែលនៅតែមានជីវិត រួមមាន លោក Julio Sanguinetti, លោក Luis Lacalle Herrera និង លោក José Mujica ក៏បានចូលរួមក្នុងសម័យប្រជុំនេះដែរ។ សម័យប្រជុំពិសេសនេះធ្វើឡើងនៅ ដោយការប្រុងប្រយ័ត្ន ស្របពេលដែលមានការជួបជុំរបស់ក្រុមសង្គមស៊ីវិល។

អនុប្រធានាធិបតី Beatriz Argimón បាននិយាយបើកពិធីថា “កាលពី ៥០ ឆ្នាំមុន របបផ្តាច់ការចង់ហៅថា «តំណាងរបស់ប្រជាជន»។ ថ្ងៃនេះ យើងចង់ផ្តល់សច្ចាប័នលើការប្តេជ្ញាចិត្ត «ប្រជាធិបតេយ្យ» របស់យើង ពីសភានេះ ដែលប្រជាធិបតេយ្យជ្រើសរើសដោយប្រជាពលរដ្ឋ” ។

នៅក្នុងអ័ព្ទ នារដូវរងា ផ្នែកខាងមុខនៃវិមាននីតិបញ្ញត្តិត្រូវបានបំភ្លឺដោយពណ៌ទង់ជាតិអ៊ុយរូហ្គាយ និងបដាសរសេរថា “ដើម្បីប្រជាធិបតេយ្យ ជានិច្ច” ដែលជាឃ្លាដែលត្រូវបានជ្រើសរើស ដើម្បីសម្គាល់ការបិទបញ្ចប់របបផ្តាច់ការ។ នៅជុំវិញអគារថ្មម៉ាបដ៏ល្បីនោះ ទៀនជាច្រើនត្រូវបានបំភ្លឺ នៅក្នុងក្របខ័ណ្ឌនៃ “ដំណើរនៃការឆ្លុះបញ្ចាំង” ដែលប្រជុំដោយក្រុម Jacarandá ដែលបង្កើតឡើង ដោយសកម្មជនសង្គម និងសហជីព៕


ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត