សម្តេចតេជោ ហ៊ុន សែន៖ យើងត្រូវហ៊ានចង្អុលមុខអ្នកនយោបាយចង្រៃជ្រុលនិយមដែលបំផ្លាញឆ្នាំងបាយកម្មករ
កំពង់ស្ពឺ៖ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា យើងត្រូវហ៊ានចង្អុលមុខអ្នកនយោបាយចង្រៃជ្រុលនិយមដែលបំផ្លាញឆ្នាំងបាយកម្មករ និងត្រូវបំបាត់នយោបាយជ្រុលនិយមបំផ្លាញផលប្រយោជន៍ជាតិ ។

សម្តេចតេជោ បានគូសបញ្ជាក់ថា អ្នកនយោបាយជ្រុលនិយម តែងតែដើរអំពាវនាវឱ្យបរទេសកុំមកវិនិយោគនៅកម្ពុជា កុំឱ្យបរទេសទិញទំនិញពីកម្ពុជា កុំផ្តល់ជំនួយមកកម្ពុជា និងដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជាជាដើម ។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងរក្សាការវិនិយោគចាស់ និងបង្កើនការវិនិយោគថ្មីៗដើម្បីជាផលប្រយោជន៍ដល់ប្រជាជន ជាពិសេសគឺខិតខំថែរក្សាការពារសន្តិភាព និងស្ថិរភាពនយោបាយដើម្បីប្រទេសកម្ពុជាអាចបន្តការអភិវឌ្ឍទៅមុខ ។

សម្តេចតេជោ បានថ្លែងបន្តថា យើងមិនអត់ឱនឱ្យទង្វើណាដែលបំផ្លាញសុខសន្តិភាពរបស់កម្ពុជានោះឡើយ ពីព្រោះយើងបានឆ្លងកាត់រួចហើយពីទុក្ខវេទនានិងការព្រាត់ប្រាស់ដោយសារសង្រ្គាម ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យើងត្រូវរួមគ្នាថែរក្សាការពារសន្តិភាពឱ្យបានជាដាច់ខាត ដើម្បីធានាដល់ការអភិវឌ្ឍរយៈពេលវែងសម្រាប់កម្ពុជា ៕

អត្ថបទ៖ វណ្ណលុក, រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ