ឯកឧត្តម ព្រុំ សុខា ៖ បាឋកថា ត្រូវបានចាត់ទុកជា វេទិកាដ៏សំខាន់មិនអាចខ្វះបាន ដើម្បីពង្រឹងសមត្ថភាព សិស្សមន្ត្រី និងកម្មសិក្សាការី
ភ្នំពេញ ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២៣ បានអញ្ជើញបើកបាឋកថា ស្តីពី “ឧស្សាហកម្មសម័យអង្គររបស់អាណាចក្រខ្មែរ” ធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស លោកសាស្ត្រាចារ្យបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា សាលាភូមិន្ទរដ្ឋបាល ។

ឯកឧត្តម ព្រុំ សុខា បានថ្លែងលើកឡើងថា ក្នុងក្របខណ្ឌនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល បាឋកថា ត្រូវបានចាត់ទុកជាជាវេទិកាដ៏សំខាន់មិនអាចខ្វះបាន ដើម្បីពង្រឹងសមត្ថភាព សិស្សមន្ត្រី និងកម្មសិក្សាការី។ តាមរយៈវេទិកានេះ ថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល មន្ត្រីជំនាញ និងសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យល្បីទាំងក្នុង និងប្រទេស អាចផ្តល់នូវការចែករំលែកចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងចក្ខុវិស័យ ទស្សនាទាន ឧត្តមានុវត្តន៍ លើការដឹកនាំ និងការគ្រប់គ្រងសាធារណៈ ការលើកកម្ពស់គុណធម៌ជាមន្ត្រី ភាពជាគំរូក្នុងការដឹកនាំ និងការ បំពេញការងារ ការងារកែទម្រង់ និងការអនុវត្តគោលនយោបាយទាំងឡាយរបស់ក្រសួង-ស្ថាប័ន តាមវិស័យរបស់រាជរដ្ឋាភិបាលរួមទាំងគោលនយោបាយការបរទេសផងដែរ។

ផ្អែកលើផែនការការងារឆ្នាំ២០២៣ សាលាភូមិន្ទរដ្ឋបាល បានកំណត់គោលដៅរៀបចំបាឋកថា យ៉ាងតិចចំនួន១០។ ដោយឡែក បាឋកថា លើកទី៥ប្រចាំឆ្នាំ២០២៣ ស្តីពី “ឧស្សាហកម្មសម័យអង្គរក្នុងអាណាចក្រខ្មែរ” ក្នុងវេលានេះ មានលក្ខណៈពិសេសខុសប្លែកពីប្រធានបទរបស់បាឋកថាលើកមុនៗ ដោយប្រធានបទលើកនេះ គឺជាសមិទ្ធផល នៃការអនុវត្តគម្រោងសិក្សាស្រាវជ្រាវ ក្រោមការដឹកនាំផ្ទាល់របស់វាគ្មិនកិត្តិយសសាស្ត្រាចារ្យបណ្ឌិត ធុយ ចាន់ធួន ដែលបានរុករកឃើញទីតាំងផលិតដែកសម័យអង្គរ ដ៏ធំនៅក្នុងតំបន់ខេត្តព្រះវិហារ រហូតដល់អាចបង្កើតបានជាឧទ្យានរាជបណ្ឌិត្យសភាតេជោឬស្សីត្រឹប ។ ស្នាដៃស្រាវជ្រាវ ក៏ដូចជាសមទ្ធិផល រួមចំណែកដល់ការសិក្សាស្វែងយល់អំពី តួនាទីឧស្សាហកម្មដែកបុរាណ ក្នុងការកសាងអាណាចក្រខ្មែរ ដែលបានបន្សល់នូវភស្តុតាងអរិយធម៌ខ្មែរ ប្រាសាទខ្មែរ នៅរាប់រយទីតាំងនៅប្រទេសលាវ ប្រទេសថៃ និងវៀតណាម សព្វថ្ងៃ ៕



ដោយ ជាវ ចន្ធូ